ខេត្តឧត្តរមានជ័យ៖ សំឡេងសើចសប្បាយ និងការប្រជុំជួររបស់កុមារាកុមារីកម្ពុជា នៅសាលាបឋមសិក្សាថ្មដូន ស្ថិតក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល បានប្រែជាស្ងាត់ជ្រងំ និងគ្របដណ្តប់ដោយភាពស្ងប់ស្ងាត់គួរឲ្យសង្វេគ។ អគារសិក្សាដែលធ្លាប់ជាកន្លែងផ្តល់ចំណេះដឹង ព្រមទាំងព្រះវិហារ វត្តអារាម ដែលជាទីសក្ការបូជាដ៏ខ្ពង់ខ្ពស់របស់ពុទ្ធសាសនិក ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែកពីសំណាក់ទាហានភូមិភាគថៃ ក្នុងកំឡុងពេលមានការប្រយុទ្ធគ្នានៅតំបន់ព្រំដែន កាលពីពេល(២០២៥)កន្លងទៅ។
សកម្មភាពនៃការបំផ្លាញនេះ គឺជាភស្តុតាងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ ដែលកត់ត្រានូវការវាយប្រហារទៅលើតំបន់ស៊ីវិល អគារអប់រំ និងទីសក្ការបូជាខាងសាសនា ដែលជាតំបន់ត្រូវបានការពារក្រោមច្បាប់មនុស្សធម៌អន្តរជាតិ។
បន្ថែមពីលើការខូចខាតអគារសិក្សា និងទីវត្តអារាម ស្លាកស្នាមសង្គ្រាមក៏បានបន្សល់ទុកនូវរណ្តៅគ្រាប់បែកដ៏ធំមួយនៅក្នុងភូមិសែនមនោរម្យ១ ស្រុកបន្ទាយអំពិល។ រណ្តៅដែលមានជម្រៅរហូតដល់ ១០ ម៉ែត្រ និងទទឹង ១៥ ម៉ែត្រនេះ គឺជាភស្តុតាងនៃការប្រកាសប្រើប្រាស់យន្តហោះចម្បាំង F-16 ក្នុងការទម្លាក់គ្រាប់បែកធុនធ្ងន់ប្រភេទ MK84 ដែលបានកាត់ផ្តាច់ផ្លូវជាតិលេខ៥៨ ទាំងស្រុង និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើរ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។
«រាល់ស្លាកស្នាមបាក់បែកលើដំបូលសាលារៀន ព្រះពុទ្ធរូបដែលរងការខូចខាត និងរណ្តៅគ្រាប់បែកនៅលើកំណាត់ផ្លូវជាតិ មិនត្រឹមតែជាការខាតបង់ផ្នែករូបវន្តប៉ុណ្ណោះទេ ប៉ុន្តែជាសាក្សីប្រវត្តិសាស្ត្ររំលេចនូវការឈឺចាប់របស់ប្រជាពលរដ្ឋស៊ីវិល និងជាការក្រើនរំលឹកដល់តម្លៃនៃការការពារសន្តិភាព និងអធិបតេយ្យភាពដែនដី»។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារបច្ចេកទេស បាននិងកំពុងបន្តចុះប្រមូលទិន្នន័យ វាយតម្លៃទំហំការខូចខាតជាផ្លូវការ ដើម្បីកត់ត្រាទុកជាឯកសារប្រវត្តិសាស្ត្រ និងរៀបចំផែនការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងតំបន់ឡើងវិញ៕ដោយ៖ឡុង សំបូរ








































