​លោកជំទាវ ឃួន ឃុនឌី នាំយកទៀនចំណាំព្រះវស្សា និងបច្ច័យប្រគេន ៤០វត្ត ក្នុងស្រុកកំពង់ស្វាយ ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា

0

(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានគូសបញ្ជាក់ថា ការផ្សារភ្ជាប់រវាងពុទ្ធចក្រ និងអាណាចក្រ មិនអាចផ្តាច់ចេញពីគ្នាបានឡើយ ដោយវិស័យទាំងពីរនេះតែងតែដើរទន្ទឹមគ្នាក្នុងការទ្រទ្រង់ និងអភិវឌ្ឍសង្គមជាតិ។


​ការថ្លែងបែបនេះរបស់លោកជំទាវ បានធ្វើឡើងក្នុងពិធីប្រគេនបច្ច័យ និងទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុង ៤០វត្ត ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ទីតាំងនៅវត្តពុទ្ធរង្សី (ហៅវត្តត្រពាំងព្រលិត) ឃុំត្រពាំងឫស្សី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងរាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្តកំពង់ធំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
​លោកជំទាវ ឃួន ឃុនឌី បានបន្តថា ការរៀបចំកម្មវិធីនេះឡើង គឺកើតចេញពីស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរវាងថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយស្រុកកំពង់ស្វាយ ដើម្បីបង្ហាញពីការគោរពប្រណិប័តន៍ និងឆ្លុះបញ្ចាំងពីវឌ្ឍនភាព ជំនឿសាសនាយ៉ាងជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ជាមួយគ្នានេះ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅអធិការគ្រប់វត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត សប្បុរសជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាយ៉ាងស្រស់បំព្រងតាមសទ្ធាជ្រះថ្លា។
​លើសពីនេះ ការវេរប្រគេនទៀនចំណាំព្រះវស្សា និងបច្ច័យនាពេលនេះ មិនត្រឹមតែជាការលើកស្ទួយព្រះពុទ្ធសាសនាក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ជីដូនជីតា ញាតិកាទាំងប្រាំពីរRule/សន្តាន និងវីរកងទ័ព ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងមាតុភូមិផងដែរ។
​លោកជំទាវបានគូសរំលេចថា សមិទ្ធផល និងសេចក្តីសុខក្សេមក្សាន្តដែលប្រជាពលរដ្ឋទទួលបាននៅថ្ងៃនេះ គឺដោយសារស្រុកទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកពីអគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ នាឱកាសនោះ លោកជំទាវក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាការពារមន្ត្រីរាជការ និងបងប្អូនពុទ្ធបរិស័ទទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។
​សូមបញ្ជាក់ថា អំណោយដែលបានប្រគេនដល់វត្តទាំង ៤០ ក្នុងស្រុកកំពង់ស្វាយ រួមមាន៖ ទៀនវស្សា ១គូ, អង្ករ ៥០គីឡូក្រាម, ទឹកសុទ្ធ ២កេះ, ទឹកក្រូច ២កេះ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ត្រីខ ១យួរ, សៀង ២.៥គីឡូក្រាម (១កែវ) និងបច្ច័យមួយចំនួន។ ជាមួយគ្នានោះ ក៏បានជូនសារុងដល់លោកតា លោកយាយ ចំនួន ២០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុង ១ ផងដែរ៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា