(កំពង់ធំ)៖ ឯកឧត្តម ជា មានិត សាកលវិទ្យាធិការរងប្រតិបត្តិនៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានជំរុញ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សទាំងអស់ ខិតខំពង្រឹងការគិតបែបវិទ្យាសាស្ត្រ និងស្វែងយល់ពីបច្ចេកវិទ្យាទំនើប ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារក្នុងយុគសម័យឌីជីថល។
ការថ្លែងនេះបានធ្វើឡើងនៅក្នុង បាឋកថាស្តីពី «បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការសិក្សា និងការអភិវឌ្ឍអាជីព» ដែលរៀបចំឡើងដោយ CUS សាខាខេត្តកំពង់ធំ នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ប្រមាណ ២០០នាក់មកពីតាមវិទ្យាល័យនានាក្នុងខេត្ត។នៅក្នុងឱកាសនោះ ឯកឧត្តម ជា មានិត បានកោតសរសើរចំពោះស្មារតីចង់ដឹងចង់រៀនរបស់សិស្សានុសិស្ស ដែលបានចូលរួមសួរ និងឆ្លើយសំណួរយ៉ាងសកម្ម។
ជាមួយគ្នានេះ ឯកឧត្តមក៏បានចែករំលែកនូវចំណុចគន្លឹះសំខាន់ៗចំនួន ៤ ស្តីពីការប្រើប្រាស់ AI រួមមាន៖១. AI គឺជាដៃគូ និងជាកាតាលីករជំរុញការសិក្សា៖ AI មិនមែនបង្កើតឡើងដើម្បីជំនួសខួរក្បាលមនុស្សឡើយ ប៉ុន្តែវាជាឧបករណ៍ពង្រឹងសមត្ថភាព ដែលជួយឱ្យយើងស្រាវជ្រាវបានលឿន វិភាគទិន្នន័យបានល្អ និងបង្កើនគំនិតច្នៃប្រឌិត។
២. ការកសាងអាជីពក្នុងយុគសម័យ AI៖ ទោះបីជាទីផ្សារការងារផ្លាស់ប្តូរលឿនយ៉ាងណាក៏ដោយ ជំនាញទន់ (Soft Skills) ដូចជា ការគិតប្រកបដោយវិចារណញ្ញាណ ការដោះស្រាយបញ្ហាស្មុគស្មាញ ភាពជាអ្នកដឹកនាំ និងចរិយាធម៌ការងារ គឺជាអ្វីដែល AI មិនអាចជំនួសបានឡើយ។
៣. ចរិយាធម៌សិក្សា និងសីលធម៌ឌីជីថល៖ ការប្រើប្រាស់ AI ត្រូវឈរលើគោលការណ៍ស្មោះត្រង់ ទទួលខុសត្រូវ និងគោរពកម្មសិទ្ធិបញ្ញា ដោយត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មាន និងមិនត្រូវពឹងផ្អែកលើ AI ទាំងស្រុងដោយខ្វះការពិចារណានោះទេ។៤. ការប្តេជ្ញាចិត្តរបស់ CUS សាខាខេត្តកំពង់ធំ៖ សាកលវិទ្យាល័យប្តេជ្ញាបន្តធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា បំពាក់បំប៉នជំនាញឌីជីថល និងផ្តល់អាហារូបករណ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែង។
ទន្ទឹមនឹងនេះ ឯកឧត្តមបានផ្តាំផ្ញើឱ្យយុវជនទាំងអស់ ចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត និងយុទ្ធសាស្ត្រឌីជីថលរបស់រាជរដ្ឋាភិបាល ដោយត្រូវយល់ដឹងឱ្យបានច្បាស់ពីផលប្រយោជន៍ ហានិភ័យ និងវិធីសាស្ត្រទប់ស្កាត់ការប្រឈមផ្សេងៗក្នុងការប្រើប្រាស់ AI ព្រមទាំងចេះជ្រើសរើសមុខវិជ្ជាជំនាញនៅឧត្តមសិក្សាឱ្យបានត្រឹមត្រូវសម្រាប់អនាគត។
ជាការឆ្លើយតប លោក តាក កាក់នីកា នាយកសាខាសាកលវិទ្យាល័យ CUS ខេត្តកំពង់ធំ បានបញ្ជាក់ថា សាកលវិទ្យាល័យតែងតែប្រកាន់ខ្ជាប់នូវ «គុណភាព» ក្នុងការបណ្តុះបណ្តាល ដោយផ្តោតលើការបង្រៀន ការរៀន ការអនុវត្ត ការស្រាវជ្រាវ និងការអភិវឌ្ឍ «សមត្ថភាពវិជ្ជាជីវៈ» ព្រមទាំង «បុគ្គលិកលក្ខណៈសម្បត្តិល្អ» របស់និស្សិត។
លោកបានបន្ថែមថា ដោយមានបទពិសោធន៍បណ្តុះបណ្តាលជាង ២០ឆ្នាំ សាកលវិទ្យាល័យមានសាស្ត្រាចារ្យ និងបុគ្គលិកដែលមានកម្រិតវប្បធម៌ខ្ពស់ និងបទពិសោធន៍ច្បាស់លាស់ ព្រមទាំងបានចុះអនុស្សារណៈយោគយល់ (MoU) ជាមួយស្ថាប័ន និងក្រុមហ៊ុនជាច្រើន។ នៅក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០ នេះ «ការវិនិយោគលើខួរក្បាល» មិនមែនជាជម្រើសទៀតនោះទេ ប៉ុន្តែជាកាតព្វកិច្ច និងជាគ្រឹះដ៏សំខាន់បំផុតក្នុងការកសាងអនាគតឱ្យរុងរឿង និងប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាសសម្រាប់យុវជន៕




































