សៀមរាប: ឆ្លងតាមការប្រកួតបាល់ទាត់មហាជនខេត្តសៀមរាប ឆ្នាំ២០២៦អស់រយៈពេល១០សប្តាហ៍ ត្រូវបានធ្វើពិធីបទការប្រកួត នៅពហុកីឡាដ្ឋានខេត្តសៀមរាប នារសៀលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ឯកឧត្តម តោ គឹមស៊ាន សមាជិកាក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួ
មពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី រដ្ឋបាលក្រុង ស្រុក រួមទាំងប្រតិភូកីឡាករទាំង២៨ក្រុម ព្រមទាំងមាន ទស្សនិជនចូលរួមទស្សនា យ៉ាងច្រើនកុះករផងដែរ ។
តាមរបាយការណ៍របស់លោក លី ប៊ុនណា ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្ត បានបញ្ជាក់ថា ក្នុងការប្រកួតនេះ មាន ប្រតិភូ គ្រូបង្វិក និង កីឡាករសរុប ៦៤៤នាក់ និង អាជ្ញាកណ្តាល ចំនួន៣៥នាក់ ដោយមានក្រុមចូលរួមប្រកួត ២៨ក្រុម មកពី បណ្តាក្រុង ស្រុកទាំង១៣ ក្នុងខេត្តសៀមរាប ព្រមទាំងមានការប្រកួតជាមិត្តភាព ១ប្រកួតផងដែរ ។ លោកបានបន្តទៀតថា ក្នុង ការប្រកួតរយៈពេល ១០សប្តាហ៍មកនេះ មាន៥៨ប្រកួត ហើយជាលទ្ធផល ចំណាត់ថ្នាក់លេខ១ បានទៅក្រុមកីឡាករយុវជន សន្តិភាព២៩ធ្នូ ក្រុងសៀមរាប ,ចំណាត់ថ្នាក់លេខ២ បានទៅក្រុមកីឡាករ អេហ្វស៊ី វេហាស៍ , លេខ៣ ក្រុមក្លិបបាល់ទាត់ ដំរី ស្រុកអង្គរជុំ ,លេខ៤ ក្រុមសៀមរាបអង្គរ អេហ្វស៊ី ។
មានប្រសាសន៍បិទការប្រកួតកីឡាមហាជននោះដែរ លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានថ្លែងអំណរគុណនិងកោតសរសើរដល់ក្រុមកីឡាបាល់ទាត់ទាំង២៨ក្រុម ដែលមកពីបណ្តាក្រុង-ស្រុក និងវិស័យឯកជន ក្នុងខេត្តសៀមរាប ដែលបានអញ្ជើញចូលរួមការប្រកួតបាល់ទាត់មហាជនខេត្តសៀមរាប ឆ្នាំ២០២៦ ក្នុងរយៈពេល១០សប្តាហ៍មកនេះ បានបង្ហាញពីភាពរីកចម្រើន ក្នុងវិស័យកីឡានៅកម្ពុជា ក៏ដូចក្នុងខេត្តសៀមរាបផងដែរ ។ ព្រឹត្តការណ៍ប្រកួតកីឡាមហាជន ក្រោមប្រធានបទ ( ទាំងអស់គ្នាដើមី្បកីឡា កីឡាដើមី្បសុខភាព និង សាមគ្គីភាព ) ក្នុងគោលបំណង រឹតចំណងមិត្តភាព សាមគ្គីភាព សន្តិភាព រវាងអ្នកស្នេហាកីឡាបាល់ទាត់ក្នុងខេត្ត និង ផ្តោតលើកីឡានាំមកនូវសុខភាពល្អ កម្លាំងមាំមួន និងធ្វើឲ្យយុវជនជៀសឆ្ងាយពីគ្រឿងញៀន និង លើកកម្ពស់សេដ្ឋកិច្ចក្នុងខេត្តទៀតផង ។ លោក សំកុល សុចិត្រា បានបញ្ជាក់ថា ការបង្កើតឲ្យមានការប្រកួតបាល់ទាត់ពានរង្វាន់មហាជននេះឡើង ក្នុងការលើកស្ទួយវិស័យកីឡា ផ្សាភ្ជាប់នឹងទេសចរណ៍ ដោយខេត្តសៀមរាប ជាខេត្តគោលដៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។ ចំពោះការប្រកួតនេះ គឺដើមី្បផ្តល់ឱកាសដ៏ល្អដល់កីឡាករយើងបានវាស់ស្ទង់គុណផលកីឡា និងជាការផ្លាស់ប្តូរបច្ចេកទេស បទពិសោធន៍ពីក្រុមមួយទៅក្រុមមួយ ក្នុងការពង្រឹងគុណភាពកីឡាឲ្យកាន់តែរឹងមាំ ព្រមទាំងជួយបំផុសស្មារតីឲ្យយុវជនស្រឡាញ់ និងគាំទ្រវិស័យ កីឡា កាន់តែល្បីល្បាញលើឆាកជាតិ និង អន្តរជាតិ ។ លោកអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា បានធ្វើការកំណែទម្រង់ស៊ីជម្រៅ ៨ចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសំដៅមួយចំណុចលើការកំណែទម្រង់ការងារអប់រំកាយនិងកីឡា ។ កីឡាបានឆ្លុះបញ្ចាំងពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កីឡា និង ចលនាជាតិយ៉ាងផុសផុល តាមរយៈការចូលរួមគាំទ្រ ការកោតសរសើរ សាមគ្គីភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការ ក្រោមពាក្យស្លោក (កីឡាជាទូតសន្តិភាព និង កីឡារស់ក្នុងសន្តិភាព ) ។ លោក សំកុល សុចិត្រា ក៏បានជម្រុញដល់ថ្នាក់ដឹកនាំ និងរដ្ឋបាលក្រុង ស្រុក វិស័យឯកជន ចូលរួមបំផុសចលនាវិស័យកីឡានៅទូទាំងខេត្ត ដើមី្បលើកកម្ពស់សុខមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត បញ្ញា ស្មារតីរបស់ប្អូនៗក្មួយៗកីឡាករ ក្នុងការចូលរួមចំណែកលើកស្ទួយកិត្យានុ-ភាពជាតិ នៅលើឆាកអន្តរជាតិ ។ កត្តាសំខាន់កីឡាមានតួនាទីសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យមានកាយសម្បទារឹងមាំ មានបញ្ញាភ្លឺថ្លា និងមានសីលធម៌ល្អ កីឡាក្លាយ ជាសេវាសុខភាព មានតម្លៃដូចសេវាសុខា ភិបាលសាធារណៈដែរ ។ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមកីឡាករទាំងអស់ ត្រូវខិតខំហ្វឹកហាត់បន្តថែមទៀត ទោះបីក្រុមរបស់ខ្លួនទទួលបានជ័យលាភីហើយក្តី ក៏ត្រូវបន្តការហ្វឹកហាត់បន្តទៀត ដើមី្បពង្រឹងនូវកាយសម្បទារឹងមាំរបស់ក្រុមខ្លួនបន្តយកជ័យលាភីនៅពេលក្រោយៗទៀត ។ ចំពោះក្រុមដែលមិនទទួលបានជ័យលាភី ក៏ត្រូវធ្វើការដកបទពិសោធន៍ នូវបច្ចេកទេសពីក្រុមជ័យលាភី និង បន្តការហ្វឹកហាត់ក្រុមរបស់ខ្លួន ឲ្យកាន់តែមានគុណភាព សម្រាប់ក្នុងការចូលរួមប្រកួតដណ្តើមជ័យលាភីនៅឆ្នាំខាងមុខផងដែរ ៕









































