ចាប់បានតែសាច់សត្វព្រៃតែជនល្មើសរត់គេចខ្លួនបាត់៖ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ចុះបង្ក្រាប និងដកហូតសាច់សត្វព្រៃ៣ប្រភេទ មានទម្ងន់ជាង ១២គីឡូក្រាម ដែលឈ្មួញលួចលាក់លក់ក្នុងផ្សារសាមគ្គី

0

ខេត្តស្ទឹងត្រែង៖ កម្លាំងជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង សហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការអាជីវករផ្សារសាមគ្គី បានបើកប្រតិបត្តិការក្តៅ ចុះទប់ស្កាត់ និងបង្ក្រាបការលួចលាក់សន្និធិ និងជួញដូរសាច់សត្វព្រៃខុសច្បាប់ នៅខណៈដែលក្រុមជនល្មើសបានលួចនាំយកសាច់សត្វព្រៃ មកដាក់លក់នៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃចល័ត នៃខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតសាច់សត្វព្រៃចំនួន ៣ ប្រភេទ សរុបទម្ងន់ ១២.៨ គីឡូក្រាម ក្នុងនោះរួមមាន៖ សាច់សត្វឈ្លូស ០៤ ដុំ មានទម្ងន់ ៧.៨ គីឡូក្រាម សត្វក្តាន់ញែង (ងាប់)៖ ចំនួន ០១ ក្បាល (ទម្ងន់ ១.៥ គីឡូក្រាម) សាច់សត្វជ្រូកព្រៃទម្ងន់ ៣.៥ គីឡូក្រាម បច្ចុប្បន្ន វត្ថុតាងសាច់សត្វព្រៃទាំងអស់ ត្រូវបានមន្ត្រីជំនាញរៀបចំនីតិវិធីដកហូត និងចាត់ការបន្តតាមច្បាប់ ព្រមទាំងបាននាំយកទៅដុតកម្ទេចចោល នៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងនោះហើយ។

អាជ្ញាធរមានសមត្ថកិច្ច និងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានជូនដំណឹង និងព្រមានយ៉ាងម៉ឺងម៉ាត់ ចំពោះជនខិលខូច អាជីវករ ឬបុគ្គលទាំងឡាយណា ដែលនៅតែបន្តសកម្មភាពប្រមាញ់ ទិញ លក់ ដឹកជញ្ជូន ឬសន្និធិសត្វព្រៃ និងសាច់សត្វព្រៃខុសច្បាប់។

ការបរបាញ់ ទិញ-លក់ និងសន្និធិសត្វព្រៃ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ៖ យោងតាមមាត្រា ៩៦ និងមាត្រា ៩៨ នៃច្បាប់ស្តីពីព្រៃឈើ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តបទល្មើសប្រឆាំងនឹងសត្វព្រៃ នឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ (ចាប់ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ តាមប្រភេទសត្វ និងកម្រិតបទល្មើស) ពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ ការរឹបអូសវត្ថុតាង និងឧបករណ៍ល្មើសទាំងអស់ជាសម្បត្តិរដ្ឋ។

ជុំវិញករណីនេះ សមត្ថកិច្ចជំនាញនឹងបន្តចុះស្រាវជ្រាវ តាមដាន និងបង្ក្រាបឱ្យដល់ឫសគល់ ដោយមិនមានការលើកលែង ឬយោគយល់ឡើយ ដើម្បីការពារធនធានធម្មជាតិ និងសត្វព្រៃកម្ររបស់ជាតិឱ្យបានគង់វង្ស។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ចូលរួមរាយការណ៍ជាបន្ទាន់ ប្រសិនបើប្រទះឃើញមានការជួញដូរ ឬប្រមាញ់សត្វព្រៃខុសច្បាប់ក្នុងមូលដ្ឋាន៕ដោយ៖ឡុង សំបូរ