មន្ត្រីឧទ្យានុរក្សបង្ក្រាបករណីលួចដឹកឈើខុសច្បាប់ ៥០សន្លឹក ចេញពីដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃព្រៃឡង់ បានចុះអន្តរាគមន៍ភ្លាមៗ និងដកហូតបានឈើលេខ២ (ប្រភេទក្តារឈើទាល) ចំនួន ៥០សន្លឹក (ស្មើនឹងប្រមាណ ១ម៉ែត្រគូបត្រីគុណ) ដែលក្រុមជនសង្ស័យបម្រុងលួចដឹកជញ្ជូនចេញពីតំបន់ការពារ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមន្ត្រីជំនាញទទួលបានព័ត៌មានរាយការណ៍ រួមទាំងការមើលឃើញការផ្សាយផ្ទាល់ (Live) លើបណ្តាញសង្គមហ្វេសប៊ុករបស់គណនីឈ្មោះ Ma Chetra ស្តីពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នេះ។

យោងតាមប្រភពពីមន្ទីរបរិស្ថានខេត្តព្រះវិហារ បានឱ្យដឹងថា សកម្មភាពឃាត់ឡានដឹកឈើបំរុងដឹកចេញទាំងយប់នេះ ស្ថិតនៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ខណៈនោះមានប្រជាពលរដ្ឋមួយក្រុមដឹកនាំដោយឈ្មោះ Ma Chetra បានឃាត់រថយន្តដឹកឈើនោះ មុននឹងធ្វើការ Live លើបណ្តាញសង្គម។ ទោះជាយ៉ាងណា រថយន្ត និងជនសង្ស័យត្រូវបានរត់គេចខ្លួនចាកចេញពីកន្លែងកើតហេតុ បាត់ស្រមោល មុនពេលមន្ត្រីឧទ្យានុរក្សទៅដល់។ បច្ចុប្បន្ន វត្ថុតាងឈើទាលប្រវែង ៤ម៉ែត្រ ទាំង ៥០សន្លឹក ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការស្រែវាល។

មន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា នឹងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់យ៉ាងលឿនបំផុត លើករណីបទល្មើសធនធានធម្មជាតិនេះ។

ស្របពេលជាមួយគ្នានោះ មន្ទីរបរិស្ថានខេត្តព្រះវិហារ បានលើកទឹកចិត្ត និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តរាយការណ៍ជាបន្ទាន់នូវរាល់បទល្មើសធនធានធម្មជាតិមកកាន់មន្ត្រីជំនាញ ដើម្បីអាចចុះចាត់វិធានការបានទាន់ពេលវេលា។ ដូច្នេះការចូលរួមរបស់សាធារណជន គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សព្រៃឈើសម្រាប់កូនចៅជំនាន់ក្រោយ៕ដោយ៖ឡុង សំបូរ