វត្តដំណាក់រៀបចំពិធីបំបួសកុលបុត្រចំនួន ២៣រូប ជាភិក្ខុ និងសាមណេរ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា

0

សៀមរាប: វត្តដំណាក់ក្រុងសៀមរាបបានរៀបចំពិធីបំបួសកុលបុត្រចំនួន ២៣រូប ជាភិក្ខុភាវៈ និងសាមណេរ ក្នុងគោលបំណងលើកស្ទួយ និងទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងដើម្បីឱ្យកុលបុត្រទាំងឡាយបានសិក្សារៀនសូត្រនូវព្រះធម៌វិន័យ និងសងគុណមាតាបិតា។ ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ កុលបុត្រទាំង ២៣រូប បានឆ្លងកាត់ការកោរសក់ គ្រងស្បង់ចីវរ និងទទួលនូវសីលពីព្រះឧបជ្ឈាយ៍ ដើម្បីក្លាយជាសមណៈកូននាគពេញលេញ សម្រាប់ប្រតិបត្តិតាមគន្លងព្រះធម៌ និងរួមចំណែករក្សាប្រពៃណីទំនៀមទម្លាប់ដ៏ល្អអស្ចារ្យនៃព្រះពុទ្ធសាសនា។ ចំណែកឯកម្តាយ ឪពុក បានសម្តែងនូវក្តីរំភើប និងសប្បាយរីករាយជាខ្លាំង ដែលបានឃើញកូនចៅរបស់ខ្លួនបានសាងផ្នួសក្នុងព្រះពុទ្ធសាសនា ហើយក៏បានចូលរួមប្រកបដោយសទ្ធាជ្រះថ្លា ដើម្បដើរតាមផ្លូវធម៌តទៅ។
ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប មានថេរដីការថា អត្ថន័យនៃការបួសផ្នែកតាមបុរាណាចារ្យខ្មែរ លោកជឿថា ការបួស គឺដើម្បីសងគុណឪពុកម្តាយជាអ្នមានគុណរបស់ខ្លួន ដោយបានបង្កើតពុំនោលទុកមកថា “បួសណេនសងគុណម៉ែ បួសភិក្ខុសងគុណឪ ” ។ឆ្នាំនេះមានកុលបុត្រចំនួន២៣រូប ក្នុងមាន១៤រូប បានមានសទ្ធាជ្រះថ្លាបំពេញឧបសម្បទាជាភិក្ខុភាវៈ ក្រោយបានបព្វជាជាសាមណេរអស់រយៈពេលជាច្រើនវស្សាមកហើយ។ ចំពោះការបំពេញឧបសម្បទាជាភិក្ខុភាវៈនេះ  គឺ ជាកិច្ចមួយដើម្បីបំពេញលក្ខណៈជាអ្នកបួសឲ្យបានគ្រប់លំដាប់ ក្នុង     វិន័យបញ្ញត្តិ ពោលគឺសាមណេរដែលមានព្រះជន្ម២០វស្សាហើយ គឺអាចបំពេញឧបសម្បទាជាភិក្ខុបានហើយ។ ប៉ុន្តែបើកុលបុត្រណាមិនទាន់មានបំណងបំពេញឧបសម្បទា ក៏អាចបន្តស្ថិតនៅក្នុងភាពសាមណេរបានមិនជាអ្វីនោះទេ។ប្រយោជន៍នៃការបំពេញឧបសម្បទានេះ១.បានតម្លើងឋានៈពីក្មេងធម្មតាទៅជាសាមណេរ និងពីសាមណេរទៅជាភិក្ខុ ២. បានជួយបន្តទ្រទ្រង់ពុទ្ធសាសនាតាមរយៈភេទជាអ្នកទ្រទ្រង់ត្រៃចីវរ (អ្នកបួស) ៣.ជាការលះបង់មួយដ៏កម្រ ដែលមិនងាយមនុស្សណាធ្វើបាន ៤. ដើម្បីបន្តអាយុជីវិតពុទ្ធសាសនាឲ្យបានយូអង្គវែងតទៅមុខ។ និងទី៥ ដើម្បីដុសខាតកាយវាចាចិត្តឲ្យបានល្អ។ លើសពីនេះទៅទៀតគឺដើម្បីបានឱកាសបន្តការសិក្សារៀនសូត្រវិជ្ជាផ្សេងៗទាំងពុទ្ធចក្រ និង អាណាចក្រឲ្យបានកាន់តែទៅលំទូលាយ ៕