ខេត្តព្រះវិហារ៖ ប្រតិបត្តិការបង្ក្រាបបទល្មើសជលផល និងកសិកម្មឆ្លងដែនដ៏ធំមួយបានកើតឡើង ដោយសមត្ថកិច្ចបានរឹបអូសអង្ករដំណើបប្រមាណ ៣០តោន និងត្រីប្រាលួចនាំចូលខុសច្បាប់ ១៨តោន ដែលមានប្រភពដើមចេញពីប្រទេសថៃ មុននឹងឆ្លងកាត់ទឹកដីឡាវ ហើយលួចជ្រៀតចូលមកក្នុងប្រទេសកម្ពុជាតាមច្រកកំពង់ស្រឡៅ ស្ថិតក្នុងស្រុកឆែប ខេត្តព្រៈវិហារ ក្នុងរយៈពេល ៣ថ្ងៃបន្តបន្ទាប់គ្នាមកនេះ។
នៅក្នុងប្រតិបត្តិការបង្ក្រាបទំនិញឆ្លងដែនខុសច្បាប់នោះ សមត្ថកិច្ចជំនាញនៅរសៀលថ្ងៃទី២៨កក្កដា២០២៦ បានស្ទាក់ចាប់រថយន្តខ្នាតយក្ស ១គ្រឿង ដែលដឹកអង្ករដំណើបមានទម្ងន់ប្រមាណ ៣០តោន ដែលមានប្រភពដើមនាំចេញពីថៃ មុននឹងឆ្លងកាត់ទឹកដីឡាវតាមច្រកផ្លូវទឹក ដោយគ្មានច្បាប់អនុញ្ញាត ហើយលួចជ្រៀតចូលមកក្នុងប្រទេសកម្ពុជា តាមច្រកកំពង់ស្រឡៅ ស្រុកឆែប។ តែត្រូវបានសមត្ថកិច្ចជំនាញស្ទាក់ចាប់បាន នៅតាមបណ្តោយផ្លូវជាតិលេខ៦៤ ស្ថិតក្នុងក្រុងព្រះវិហារ។
ដោយឡែក ការបង្ក្រាបត្រីប្រា ១៨តោននោះវិញ បើតាមលោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។
លោក ភួង ទីណា បានបន្ថែមថា កម្លាំងចម្រុះបានស្ទាក់ចាប់រថយន្តកែច្នៃធុនធំម៉ាក HYUNDAI ពាក់ស្លាកលេខ រតនគិរី 3A-9055 ដែលកំពុងដឹកជញ្ជូនត្រីប្រា ១៨តោន នៅចំណុចភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។ នៅក្នុងប្រតិបត្តិការនោះ ជនសង្ស័យចំនួន ២នាក់បានបោះបង់រថយន្តចោល ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃយ៉ាងប្រញាប់ប្រញាល់។ បច្ចុប្បន្ន ព្រះរាជអាជ្ញាបានបញ្ជាឱ្យមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី និងបង្កើនការស្រាវជ្រាវយ៉ាងក្តៅគគុក ដើម្បីតាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។
ការបង្ក្រាបទាន់ពេលវេលានេះទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ មហាជនជាច្រើនបានសម្តែងការក្តៅក្រហាយ និងចោទសួរត្រង់ៗទៅកាន់ក្រុមឈ្មួញខិលខូចថា៖ «តើមានមនសិការជាជនជាតិខ្មែរដែរឬទេ?» ដែលហ៊ានលួចនាំចូលទំនិញខុសច្បាប់ និងគ្មានអនាម័យ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន យកមកឱ្យបងប្អូនជាតិសាសន៍ឯងបរិភោគបែបនេះ។
រាល់សកម្មភាពលួចនាំចូលផលជលផល និងកសិកម្មខុសច្បាប់ គ្មានការពិនិត្យលក្ខណៈបច្ចេកទេស ឬគ្មានលិខិតអនុញ្ញាត គឺជាអំពើល្មើសច្បាប់ធ្ងន់ធ្ងរ ដែលត្រូវប្រឈមមុខនឹងការរឹបអូស ទោសពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ និងទោសពន្ធនាគារជាធរមាន។
ការនាំចូលអង្ករ ត្រីសាច់ និងគ្រឿងឧបភោគ បរិភោគនានា ដែលគ្មានប្រភពច្បាស់លាស់ គឺជាការបំផ្លាញសុខភាពប្រជាជនឯង និងជាការសម្លាប់កសិករក្នុងស្រុកដោយផ្ទាល់។ សមត្ថកិច្ចជំនាញ និងកម្លាំងចម្រុះនៅគ្រប់ច្រកល្ហក នឹងបន្តរឹតបន្តឹងការត្រួតពិនិត្យ និងតាមស្វែងរកមេខ្យល់ ឈ្មួញកណ្តាល ព្រមទាំងអ្នកសមគំនិតទាំងអស់ យកមកផ្តន្ទាទោសឱ្យខាងតែបាន “គ្មានការយោគយល់ ឬលើកលែងសម្រាប់អ្នកបំផ្លាញសុខភាពជាតិ និងល្មើសច្បាប់ឡើយ”៕ដោយ៖ឡុង សំបូរ






































