សៀមរាប: ជាទម្លាប់បន្សល់ទុកតាំងពីដូនតា
ទោះបីជាបច្ចេកវិទ្យាកសិកម្មទំនើបនិងគ្រឿងយន្តបានគ្របដណ្តប់ស្ទើរតែទាំងស្រុងលើការងារបង្កបង្កើនផលនាពេលបច្ចុប្បន្ន នៅកម្ពុជាក៏ដោយ ប្រជាកសិករមួយចំនួន នៅក្នុងស្រុកសូទ្រ និគម ខេត្តសៀមរាប នៅតែបន្តរក្សា ធ្វើស្រែតាមប្រពៃណីបុរាណ ដែលជាទម្លាប់បន្សល់ទុកតាំងពីដូនតា ។
ហើយការធ្វើបែបនេះ គឺក្នុងគោលបំណងថែក្សាប្រពៃណីទុកឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងថែរក្សាបន្ត។
អ្នកស្រី ស៊ុន ចាន់ណា រស់នៅភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ននេះ ប្រជាកសិករបានប្រើប្រាស់គ្រឿងយន្ត ក្នុងការភ្ជួរដីធ្វើស្រែ ដោយព្រោះស្រូវយកតែ ម្តងដោយពុំសូវមានការដកស្ទូងដូចពីមុននោះទេ។ ប៉ុន្តែសម្រាប់អ្នកភូមិរបស់អ្នកស្រី ក្រៅពីប្រើប្រាស់គ្រឿងយន្ត ក្នុងការភ្ជួរដីធ្វើស្រែ គឺតែងតែទុកស្រែមួយចំនួនសម្រាប់ធ្វើតាមបែបបុរាណ ដោយរួមមានសកម្មភាពការដកស្ទូងដោយដៃ និងការច្រូតកាត់ដោយប្រើកដៀវជាដើម ។ មូលហេតុ គឺចង់បន្តរក្សាការធ្វើស្រែតាមប្រពៃណីបុរាណ ដែលជាទម្លាប់ និងជាការបន្សល់ទុកតាំងពីដូនតា ឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងថែរក្សាបន្ត។ អ្នកស្រីបន្តថា ក្រៅពីផលប្រយោជន៍ផ្នែកកសិកម្ម សកម្មភាពធ្វើស្រែតាមប្រពៃណីនេះបានបង្កើតនូវបរិយាកាសស្និទ្ធស្នាលក្នុងសហគមន៍តាមរយៈការជួយកម្លាំងគ្នាទៅវិញទៅមកក្នុងការដកស្ទូង និងច្រូតកាត់ ដែលជួយរឹតចំណងសាមគ្គីភាពរវាងអ្នកភូមិ និងភូមិផងរបងជាមួយឱ្យកាន់តែជិតស្និទ្ធ។ទន្ទឹមនឹងនេះ ការមើលឃើញទិដ្ឋភាពវាលស្រែខៀវស្រងាត់ ជាមួយសកម្មភានិងស្ទូងស្រែតាមបែបធម្មជាតិ ក៏កំពុងតែទាក់ទាញចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបំណងចង់ឈ្វេងយល់ពីជីវភាពរស់នៅ និងវប្បធម៌ដើមរបស់ប្រជាកសិករខ្មែរនៅតំបន់អង្គរផងដែរ ។ អ្នកស្រីបានសម្តែងក្តីសង្ឃឹមថា ការបន្តរក្សាទំនៀមទម្លាប់ធ្វើស្រែបុរាណនេះ នឹងក្លាយជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាអត្តសញ្ញាណវប្បធម៌កសិកម្មខ្មែរ ឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ និង យល់ដឹងកាន់តែ ច្បាស់៕






































