បង្ក្រាបបទល្មើសព្រៃឈើនៅភ្នំឱរ៉ាល់៖ ក្រុមការងារសមាគមយុវជនស្រឡាញ់ធម្មជាតិ ស្ទាក់ចាប់បានគោយន្តដឹកឈើ និងលាតត្រដាងឈ្មោះមេខ្យល់ធំៗ

0

ខេត្តកំពង់ស្ពឺ៖ បទល្មើសកាប់ និងដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅតែបន្តកើតមានយ៉ាងរ៉ាំរ៉ៃ និងមានលក្ខណៈជាប្រព័ន្ធអស់រយៈពេលជាងមួយឆ្នាំមកហើយ។ នេះបើយោងតាមការស៊ើបអង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារ «សមាគមយុវជនស្រឡាញ់ធម្មជាតិ» នៅចំណុចភូមិស្រែកកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការក្តៅនេះត្រូវបានធ្វើឡើងជាច្រើនថ្ងៃបន្តបន្ទាប់គ្នា ដោយស្ទាក់ចាប់បានគោយន្ត១គ្រឿង ឯ២គ្រឿងទៀតទម្លាក់ឈើគេចខ្លួន ប្រភពពីក្រុមការងារសមាគមបានឱ្យដឹងថា នៅថ្ងៃទី ២៧-២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសង្កេតការណ៍បានចុះបេសកកម្មផ្ទាល់ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយបានប្រឈមមុខនឹងសកម្មភាពល្មើសច្បាប់ជាក់ស្តែង ដោយបានប្រទះឃើញគោយន្តកន្ត្រៃចំនួន ៣ គ្រឿង កំពុងដឹកជញ្ជូនផល-អនុផលព្រៃឈើខុសច្បាប់ចេញពីតំបន់ការពារ។

ក្នុងប្រតិបត្តិការនោះ ក្រុមការងារសមាគមយុវជនស្រឡាញ់ធម្មជាតិ ​ឃាត់បានគោយន្ត ១ គ្រឿង រក្សាទុកជាភស្តុតាង ខណៈដែល ២ គ្រឿងទៀតបានទម្លាក់ឈើចោលតាមផ្លូវ រួចបើកគេចខ្លួនយ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីទទួលបានសញ្ញាព្រមានពីក្រុមចាំឃ្លាំមើល (ខ្សែលើផ្លូវ) របស់ពួកគេ។ តាមការប៉ាន់ប្រមាណ គោយន្តនីមួយៗអាចដឹកឈើបានពី ៤ ទៅ ៥ ម៉ែត្រគូប ដែលសរុបក្នុងហេតុការណ៍នោះមានចំនួនប្រមាណពី ១២ ទៅ ១៥ ម៉ែត្រគូប ជាតួលេខមួយដែលស្តែងឱ្យឃើញពីការបាត់បង់ និងខូចខាតធនធានព្រៃឈើយ៉ាងធ្ងន់ធ្ងរ។

ចោទជាសំនួរលើ “ប្រសិទ្ធភាពមន្ត្រីមូលដ្ឋាន” ពេលចុះអន្តរាគមន៍អ្វីដែលគួរឱ្យកត់សម្គាល់ ក្នុងពេលកើតហេតុ ក្រុមការងារបានរាយការណ៍ជាបន្ទាន់ទៅកាន់មន្ត្រីដែនជម្រកសត្វព្រៃ ដើម្បីស្នើសុំអន្តរាគមន៍ ប៉ុន្តែការឆ្លើយតប និងការចុះអនុវត្តមានភាពយឺតយ៉ាវយ៉ាងខ្លាំង។ ទោះបីជាមានមន្ត្រីប្រចាំការនៅតំបន់នោះប្រមាណ ៤ ទៅ ៥ នាក់ក៏ដោយ ប៉ុន្តែមានមន្ត្រីតែ ១ នាក់ប៉ុណ្ណោះ ដែលបានចេញមុខមកចូលរួមក្នុងប្រតិបត្តិការរហ័សនេះ។ យ៉ាងណាមិញ ក្រោយមក ក្រុមការងារបានសហការជាមួយមន្ត្រីជំនាញដើមខ្សែ ដើម្បីរៀបចំធ្វើកំណត់ហេតុ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់។

ប្រធានសមាគមនយុវជនស្រឡាញ់ធម្មជាតិ លោក តាន់ គឹមសួរ បានសម្តែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងតែដាក់ចេញនូវវិធានការក្តៅ និងម៉ឺងម៉ាត់ក្នុងការការពារធនធានធម្មជាតិ។ ទោះជាយ៉ាងណា សមាគមបានសង្កេតឃើញថា ការអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំនៅថ្នាក់មូលដ្ឋាននៅតែមានចន្លោះប្រហោង និងត្រូវការការពង្រឹងបន្ថែមជាចាំបាច់។

ស្របពេលជាមួយគ្នានោះ លោក តាន់គឹមសួរ ក៏បានស្នើសុំ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មេត្តាចាត់ឱ្យមានការពិនិត្យ ស៊ើបអង្កេត និងវាយតម្លៃឡើងវិញលើការអនុវត្តតួនាទីរបស់មន្ត្រីពាក់ព័ន្ធនៅតំបន់នោះ ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ ប្រសិនបើរកឃើញថាមានការធ្វេសប្រហែស ឬអសកម្មក្នុងការបំពេញភារកិច្ច។

បន្ថែមពីនេះ តាមរយៈការស្រាវជ្រាវ និងព័ត៌មានបឋមពីប្រភពច្បាស់ការណ៍នៅក្នុងមូលដ្ឋាន ក្រុមការងារសមាគមបានកសាងបញ្ជីឈ្មោះបុគ្គលមួយចំនួនដែលសង្ស័យថាជាមេខ្យល់ ឬជាអ្នកប្រមូលទិញ និងដឹកជញ្ជូនផល-អនុផលព្រៃឈើខុសច្បាប់យ៉ាងសកម្ម រួមមាន៖
​ឈ្មោះ គឿន (ថៅកែឈើនៅតំបន់ត្បែង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ) ,ឈ្មោះ ហាក់ (នៅភូមិតាំពោល ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ)។

ប្រធានសមាគមបានបញ្ជាក់ថា បុគ្គលឈ្មោះ ហាក់ នេះ ជាមុខសញ្ញាក្តៅ និងមានឥទ្ធិពលជាងគេ ប្រសិនបើអាជ្ញាធរអាចបង្ក្រាបបុគ្គលនេះបាន នោះអ្នកផ្សេងទៀតនឹងមិនហ៊ានធ្វើសកម្មភាពឡើយ។ លោកបន្ថែមថា ឈ្មោះ រ៉ា (នៅទល់មុខសាលាឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ) ឈ្មោះឈ្មួញទាំងអស់នេះ ត្រូវបានសមាគមប្រគល់ជូនស្ថាប័នមានសមត្ថកិច្ច ដើម្បីធ្វើជាមូលដ្ឋានក្នុងការស្រាវជ្រាវ ប្រមូលភស្តុតាង និងចាត់វិធានការតាមផ្លូវច្បាប់។

ប្រធានសមាគមយុវជនស្រឡាញ់ធម្មជាតិ បានបញ្ជាក់ជាថ្មីនូវប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាកពារ និងអភិរក្សសម្បត្តិធម្មជាតិរបស់ជាតិឱ្យបានគង់វង្ស និងមាននិរន្តរភាពសម្រាប់កូនចៅជំនាន់ក្រោយ៕ ដោយ៖ឡុង សំបូរ