ភ្នំពេញ៖ ជនបង្កហេតុជាកូនស្រីរបស់លោកឧកញ៉ា តុង ហុកសេង មានឈ្មោះ សាម ម៉ីជូ អាយុ ២៧ឆ្នាំ ដែលបានបើករថយន្តស៊េរីទំនើបបុកមន្ត្រីនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ ឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅលើដងផ្លូវ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ។
បច្ចុប្បន្ន ជនបង្កត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់ ខណៈអាណាព្យាបាល និងក្រុមគ្រួសារក៏បានទៅបង្ហាញខ្លួន ចំពោះមុខសមត្ថកិច្ចផងដែរ។
ព័ត៌មានចម្រូងចម្រាសជុំវិញការឃាត់ខ្លួន៖ ការឃាត់ខ្លួនស្ត្រីឈ្មោះ សាម ម៉ីជូ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានបង្កឱ្យមានការជជែកដេញដោល និងផ្ទុះការសង្ស័យពីមហាជនយ៉ាងខ្លាំង ដោយសារមានប្រភពរាយការណ៍ផ្ទុយគ្នា ដោយប្រភពមួយចំនួនលើកឡើងថា ជនបង្កត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបាននៅ “ព្រលានយន្តហោះអន្តរជាតិមរតកតេជោ” ខណៈរូបនាងកំពុងព្យាយាមរត់គេចខ្លួនទៅកាន់ប្រទេសសិង្ហបុរី។
ជុំវិញរឿងនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងថា ជនបង្កបានចូលខ្លួនមកប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីមានការស្វះស្វែងតាមរកពីសំណាក់កម្លាំងជំនាញ និងមានការសហការពីក្រុមគ្រួសារ។
លោកស្នងការបានគូសបញ្ជាក់លើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «លោកឧកញ៉ា (តុង ហុកសេង) ដែលត្រូវជាឪពុកអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ បានសហការជាមួយសមត្ថកិច្ចជំនាញ តាមរកកូនស្រីប្រគល់មកសមត្ថកិច្ចផែនចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមផ្លូវច្បាប់ (តាមសំណូមពររបស់ខ្ញុំ)»។
ការលើកឡើងខុសៗគ្នានេះ បានធ្វើឱ្យសាធារណជនដែលកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ កើតជាមន្ទិលសង្ស័យ និងរង់ចាំមើលចំណាត់ការផ្លូវច្បាប់ជាក់ស្តែង ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងគ្រួសារ។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា៖ គ្រោះថ្នាក់នោះបានកើតឡើងនៅវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវលេខ ១០០៣ សង្កាត់ភ្នំពេញថ្មី (ឬឃ្មួញ) ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រថយន្តបង្ក៖ ម៉ាក AVATR 11 ពាក់ផ្លាកលេខ កម្ពុជា V.C.8989 បើកបរដោយឈ្មោះ សាម ម៉ីជូ បានបើកវ៉ាជែងចូលផ្លូវម្ខាងទៀត រួចជ្រុលទៅបុកម៉ូតូម៉ាក Honda Scoopy (ផ្លាកលេខ ភ្នំពេញ 1HL-4247) ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង។ ជនរងគ្រោះ៖ ឈ្មោះ គួច លឹមហាន អាយុ ៣៥ឆ្នាំ ជាមន្ត្រីនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះវាស់វែង និងយកវត្ថុតាង (រថយន្ត និងម៉ូតូ) ទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕







































