(កំពង់ធំ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំទិវាកីឡាអាស៊ាន «ASEAN Sports Day 2026» ក្រោមប្រធានបទ «កីឡាបរិយាបន្នដើម្បីសុខដុមរមនានៅក្នុងសង្គម» នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្ដោយដងស្ទឹងសែន ទឹកដីដ៏ស្រស់បំព្រងនៃខេត្តកំពង់ធំ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ១,០០០នាក់។
ក្នុងព្រឹត្តិការណ៍ដ៏អធិកអធមនេះ អ្នកចូលរួមទាំងអស់បានចូលរួមលេងកីឡា ល្បែងប្រជាប្រិយ និងទស្សនាការសម្តែងសិល្បៈក្បាច់គុណបុរាណខ្មែរយ៉ាងសប្បាយរីករាយ។
ឯកឧត្តម កែ ប៊ុនខៀង បានគូសបញ្ជាក់ថា ការរៀបចំទិវានេះ គឺធ្វើឡើងតាមគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាល (តាមរយៈលិខិតលេខ ៦០៩ សជណ.អវ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧) ដែលអនុញ្ញាតឱ្យក្រសួងអប់រំ រៀបចំទិវាកីឡាអាស៊ានជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧មក។ ព្រឹត្តិការណ៍នេះមានគោលបំណងសំខាន់ៗដូចជា៖
រំលឹកខួបនៃការបង្កើតសហគមន៍អាស៊ាន (ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧)។
លើកកម្ពស់សកម្មភាពកីឡា និងបង្កើតទម្លាប់រស់នៅប្រកបដោយសុខុមាលភាព និងសុខដុមនីយកម្មក្នុងតំបន់។
អភិរក្ស និងអភិវឌ្ឍន៍ វិស័យកីឡាប្រពៃណី និងល្បែងប្រជាប្រិយខ្មែរ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។
ជាមួយគ្នានេះដែរ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជន កុមារ និងមន្ត្រីរាជការគ្រប់ស្ថាប័ន ឱ្យចូលរួមហាត់ប្រាណ និងលេងកីឡាឱ្យបានទៀងទាត់ ដើម្បីបង្កើនសុខភាព រក្សារាងកាយមាំមួន និងទប់ស្កាត់ជំងឺផ្សេងៗ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖«សូមរួមគ្នាធ្វើឱ្យពាក្យស្លោក “ប្រជាជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត” ក្លាយជាការអនុវត្តជាក់ស្តែង និងសូមបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងស្មារតីគ្រួសារអាស៊ាន តាមរយៈសកម្មភាពកីឡា ដែលជាស្ពាននៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។
អ្នកចូលរួមទាំងអស់បានសម្តែងនូវក្ដីរំភើបរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកក្នុងព្រឹត្តិការណ៍នេះ ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិ និងរួមគ្នារក្សាកេរដំណែលកីឡាប្រពៃណីឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ៕








































