សៀមរាប: នៅចុងសប្តាហ៍ ថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៦ ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ អមដំណើរដោយលោកស្រី មឿង សុផល្លា ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប លោក លោកស្រី មន្ត្រីរដ្ឋបាលក្រុង ចៅសង្កាត់ រួមទាំង និង ពុទ្ធបរិស័ទ បាននិមន្ត និង អញ្ជើញនាំយកទេយ្យទាន
គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ ឈរជើងនៅ៤គោលដៅ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។
ក្នុងនោះដែរព្រះវិចិត្រវង្សា ហែម គឹមសាន បានមានថេរដីកាថា សកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ ធ្វើឡើងក្រោមទឹកចិត្ត (សមរភូមិក្រោយ ផ្សាភ្ជាប់សមរភូមិមុខ) ដើម្បីជួយសម្រាលការលំបាក និង ជាការដឹងគុណ ចំពោះវីរភាពរបស់កងទ័ព ដែលបានលះបង់កម្លាំងកាយចិត្តហាលខ្យល់ហាលភ្លៀង យាមល្បាតការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។
ព្រះវិចិត្រវង្សាបានបន្តទៀតថា ទោះបីព្រះសង្ឃគង់នៅវត្តអារាម និង ញាតិញោមនៅសមរភូមិក្រោយក៏ពិតមែន ប៉ុន្តែបេះដូង និងស្មារតីរបស់ព្រះសង្ឃនិងញាតិញោមពុទ្ធបរិស័ទ គឺតែងតែនៅជាប់ជាមួយបងប្អូនវីរៈកងទ័ពជួរមុខជានិច្ច ។
ការនាំយក ស្បៀងអាហារមកនាពេលនេះ គឺដើម្បីបង្ហាញថា កងទ័ពយើងមិននៅឯកោឡើយ មាតុភូមិទាំងមូលនៅពីក្រោយខ្នងបងប្អូនជានិច្ច ។ ព្រះវិចិត្រវង្សា ហែម គឹមសាន ក៏មានថេរដីកាបញ្ជាក់ថា ក្នុងថ្ងៃនេះ ក្រុមប្រតិភូមកពីក្រុងសៀមរាប បាននាំយកនូវ គ្រឿងឧបភោគបរិភោគ និង សម្ភារៈ ចំនួន១៣មុខ ផ្តល់ជូនដល់វីរៈកងទ័ពជួរមុខ ដែលបានឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ៤គោលដៅ នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ។ ម៉្យាងទៀតអំណោយជាទេយ្យទាន គ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់ទាំងនេះ ជាការចូលរួមចំណែកដោយសេចក្ដីជ្រះថ្លាចេញពីបេះដូងរបស់ព្រះសង្ឃ និង អាជ្ញាធរក្រុងសៀមរាប អាជ្ញាធរសង្កាត់គោកចក សង្កាត់ស្រង៉ែ សង្កាត់សាលាកំរើក សង្កាត់ស្លក្រាម និងសប្បុរសជនក្រុងសៀមរាប ខេត្តសៀមរាប ។
លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក និងលោកស្រី មឿង សុផល្លា ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប បានមានប្រសាសន៍បញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ទាំងនេះគឺបានមកពីការអំពាវនាវនិងកៀរគររបស់អាជ្ញាធរសង្កាត់ ចំពោះសប្បុរសជន និង បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលបានចូលរួមតាមរយៈអាជ្ញាធរសង្កាត់ហើយក៏ជាទឹកចិត្តសប្បុរសធម៌ ក្នុងស្មារតីចែករំលែករបស់សប្បុរសជន ដែលបានបរិច្ចាគដោយស្ម័គ្រចិត្ត ហើយទោះបីជាគ្រឿងឧបភោគបរិភោគទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើងឲ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត ។ លោកស្រីបន្តថា សាមគ្គីភាពរវាងសមរភូមិក្រោយ និង សមរភូមិមុខ គឺបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រផ្នែកស្មារតីយ៉ាងរឹងមាំពីសំណាក់ព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន ផ្ញើជូនទៅដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ។
ក្នុងនោះដែរតំណាងវីរៈកងទ័ពបានសម្តែងនូវសេចក្តីត្រេកអរ និង ដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះសង្ឃ អាជ្ញាធរក្រុងសៀមរាប និងពុទ្ធបរិស័ទខេត្តសៀមរាប ដែលមានទឹកចិត្ត និង សកម្មភាពដ៏ឧត្តុង្គឧត្តមនេះ មិនត្រឹមតែជាការជួយឧបត្ថម្ភផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ក៏បានផ្តល់ ( ឱសថផ្លូវចិត្ត) ដ៏មានឥទ្ធិពលបំផុត ដែលធ្វើឲ្យបងប្អូនវីរៈកងទ័ពជួរមុខកាន់តែមានកម្លាំងចិត្ត និងស្មារតីរឹងមាំ ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិរបស់ខ្លួន ។
ក្នុងព្រឹត្តិការណ៍សប្បុរសធម៌នេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវប្បធម៌នៃការចែករំលែក ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរដែលជាមហាសាមគ្គីភាពជាតិដ៏រឹងមាំរបស់ប្រជាជាតិខ្មែរ ដែលមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ទាំងពុទ្ធចក្រ និងអាណាចក្រ តែងតែដើរទន្ទឹមគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុជាតិមាតុភូមិតែមួយ ៕






































