ខេត្តស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដោយឃាត់ខ្លួនជនសង្ស័យបានសរុប ១៧ នាក់ (ស្រី ៣នាក់) ព្រមទាំងដកហូតបានវត្ថុតាងជាច្រើន និងដោះស្រាយករណីបង្កការភ័យខ្លាច ដល់សាធារណជនបានទាន់ពេលវេលា។
ប្រតិបត្តិការក្តៅគគុកនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញបានចុះលុកលុយបង្ក្រាប ៥ គោលដៅផ្សេងគ្នា ក្រោមការសម្របសម្រួលនីតិវិធី ពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងការសហការរវាងស្នងការដ្ឋាននគរបាលខេត្ត ជាមួយអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង និងអធិការដ្ឋាននគរបាលស្រុកសៀមបូក។
នៅរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៦ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យលទ្ធផលប្រតិបត្តិការដោយផ្ទាល់ នៅស្នងការដ្ឋាននគរបាលខេត្ត។ លោកអភិបាលខេត្ត បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពុះពាររាល់គ្រោះថ្នាក់ ដើម្បីការពារសុខសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា បានគូសបញ្ជាក់ថា៖ «កម្លាំងនគរបាលខេត្តចុះបង្ក្រាបក្នុងករណីនេះ គឺមិនរញ៉េរញ៉ៃ ឬខ្លាចញញើតនឹងគ្រោះថ្នាក់ឡើយ។ លោកថា អ្វីដែលសំខាន់បំផុត គឺត្រូវតែបង្ក្រាបឱ្យខានតែបានលើគ្រប់បទល្មើស ដើម្បីរក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ»។
ពាក់ព័ន្ធនឹងព័ត៌មានដែលបានចែកចាយលើ Facebook កាលពីម្សិលមិញថា ជាករណី «ប្លន់ម៉ូតូ» នោះ លោក សរ សុពុត្រា បានធ្វើការបកស្រាយបំភ្លឺ និងអំពាវនាវដល់សាធារណជនថា នេះមិនមែនជាករណីប្លន់ទ្រព្យសម្បត្តិដូចការយល់ច្រឡំឡើយ។
លោកអភិបាលខេត្តបានបកស្រាយថា វាជាប្រតិបត្តិការសមត្ថកិច្ចចុះដេញបង្ក្រាបជនល្មើសគ្រឿងញៀន។ ក្នុងអំឡុងពេលនោះ ជនសង្ស័យម្នាក់មានអាវុធក្នុងដៃ បានធ្វើសកម្មភាពតដៃ និងបានភ្ជង់ជិះយកម៉ូតូពីប្រជាពលរដ្ឋជាកម្មករ ដើម្បីជិះគេចខ្លួន។ លោកថា ជាលទ្ធផល នៅព្រឹកថ្ងៃទី២ ខែសីហានេះ សមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យប្រដាប់អាវុធរូបនោះបានរួចរាល់ហើយ។ 
លោកអភិបាលខេត្តស្ទឹងត្រែង បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ និងម្ចាស់គណនី Facebook មេត្តាជួយលុបអត្ថបទភាន់ច្រឡំទាំងនោះចេញ ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំបន្តទៀត។ នៅក្នុងឱកាសចុះត្រួតពិនិត្យនោះដែរ ម៉ូតូដែលជនល្មើសបានភ្ជង់យកទៅ ត្រូវបាន លោក សរ សុពុត្រា ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះជាម្ចាស់ដើមវិញភ្លាមៗ រួចរាល់ប្រកបដោយបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងបង្កើតនូវភាពជឿជាក់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋមកលើអាជ្ញាធរមានសមត្ថកិច្ច៕ដោយ៖ឡុង សំបូរ







































