កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញសម្ភោធអគារទីស្នាក់ការគណបក្សឃុំសណ្តែក និងប្រកាសបញ្ចូលសមាជិកថ្មី ចំនួន៦៤៨រូប មកពីភូមិទាំង៩ ក្នុងឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១
ខែសីហា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សខេត្តកំពង់ចាម និងឯកឧត្តម ងួន សុជាតិ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសណ្តែក និងឯកឧត្តម ឌី បញ្ញា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ ។
ថ្លែងក្នុងកិច្ចស្វាគមន៍សមាជិកថ្មីនោះ ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ប្រធានគណបក្សនៅមូលដ្ឋាន ក៏ដូចជាក្រុមការងារស្នូល ក្នុងស្រុកបាធាយ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹម ចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្ស រាល់ពេលពួកគាត់ មានតម្រូវការ និងសំណូមពរ ឬជួបបញ្ហាផ្សេងៗ ពិសេសគឺត្រូវផ្សារភ្ជាប់ ទៅនឹងការផ្តល់ និងទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ក្រៅពីនោះត្រូវបន្តពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់ លើការធ្វើអំពើល្អ រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំ ក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក ។
ក្នុងឱកាសនោះដែរ តំណាងសមាជិកគណបក្សប្រជាជនថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រតិបត្តិ ឱ្យបានត្រឹមត្រូវ តាមកម្មវិធីនយោបាយ និងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជន ជាពិសេសគឺគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការការពារ បូរណភាពទឹកដី អធិបតីភាពជាតិផងដែរ ៕






































