សៀមរាប: ក្នុងឆ្នាំ២០២៤-២០២៦ ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានប្តូរវេន ក្នុងការដឹកនាំរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ (23 ACCSM) និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ស្តីពីកិច្ចការមុខងារសាធារណៈលើកទី៨ (8 ACCSM+3) និង
ព្រឹត្តិការណ៍ពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែសីហា ឆ្នាំ២០២៦ ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើង (Innovation for Better Service Delivery) ” នៅលើទឹកដីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះដែរ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈលើកទី២៣ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីបណ្តាមន្ត្រីជាន់ខ្ពស់ ACCSM មន្ត្រីបង្គោល ACCSM និងលេខាធិការដ្ឋានអាស៊ាន។ ឯកឧត្តម យក់ ប៊ុនណា បានដឹកនាំពិនិត្យ ពិភាក្សា និងសម្របសម្រួលលើឯកសារគតិយុត្តសំខាន់ៗ វឌ្ឍនភាពការងារ និងរបៀបវារៈនានា ជាមួយបណ្តាប្រធានប្រតិភូមន្ត្រីជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដើម្បីធានាឱ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃបន្តបន្ទាប់ ទទួលបានលទ្ធផលផ្លែផ្កា និងជោគជ័យខ្ពស់ ។ ឯកឧត្តម យក់ ប៊ុនណា បានបញ្ជាក់ថា កិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរបទពិសោធ និងជំរុញការធ្វើនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូ ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕






































