ឯកឧត្តម សួស ប្រាថ្នា និងឯកឧត្តម អ៊ុន ចាន់ដា ចុះពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម

0

កំពង់ចាម: ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣ សីហា ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យ និងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចកាល ឯកឧត្តម តែងបានផ្តល់នូវទស្សនៈទានល្អៗ ដើម្បីជាទន់ក្នុងការដឹកនាំប្រកបដោយចីរភាព និងប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សួស ប្រាថ្នា បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមកង្វល់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងការទទួលសេវារដ្ឋបាល។

ឯកឧត្តមបានបញ្ជាក់ថា «ការចុះមកពេលនេះ គឺដើម្បីរួមគ្នាពិនិត្យ និងកែលម្អប្រព័ន្ធការងារឱ្យកាន់តែរលូន មិនមែនជាការចុះមកដកស្រង់កំហុស ឬដាក់សម្ពាធលើអង្គភាពណាមួយនោះឡើយ»។ ក្រុមការងារចង់ស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង ដើម្បីជួយសម្រួល និងកំណត់ស្ថាប័នទទួលខុសត្រូវឱ្យបានច្បាស់លាស់ សំដៅធានាថា រាល់ឯកសាររបស់ប្រជាពលរដ្ឋទទួលបានការមើលថែ និងដោះស្រាយបានទាន់ពេលវេលា ៕