កំពង់ធំ : នាព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៦ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកកិច្ចប្រជុំពង្រឹងតួនាទី ភារកិច្ច ការងារអប់រំចិត្តសាស្ត្រ និងដាក់ចេញនូវបទបញ្ជាសំខាន់ៗមួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះឱ្យទីបញ្ជាការ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមានការចូលរួមយ៉ាងកុះករពីកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍វិវត្តថ្មីៗ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ហាញជូនសហគមន៍អន្តរជាតិឱ្យបានជ្រាបច្បាស់ អំពីអង្គហេតុនៃការរំលោភបំពាន និងការចូលកាន់កាប់បូរណភាពទឹកដីកម្ពុជាដោយខុសច្បាប់ ពីសំណាក់យោធាថៃនៅតំបន់មួយចំនួនតាមខ្សែបន្ទាត់ព្រំដែន។ លោកបានគូសបញ្ជាក់ថា សកម្មភាពទាំងនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាព សិទ្ធិមនុស្ស និងសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបណ្ដាលឱ្យមានការបាត់បង់ផ្ទះសម្បែង និងដីធ្លី។
លើសពីនេះ យោធាថៃថែមទាំងបានបង្កការខូចខាតដល់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងប្រាសាទបុរាណមួយចំនួនទៀតនៅក្នុងដែនអធិបតេយ្យកម្ពុជា។ផ្អែកលើសភាពការណ៍ខាងលើ លោកមេបញ្ជាការ បានដាក់ចេញនូវបទបញ្ជា និងទិសដៅការងារសំខាន់ៗចំនួន ៣ ចំណុច ឱ្យយោធិនគ្រប់រូបអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត៖
ទី១. ស្មោះត្រង់ដាច់ខាត៖ យោធិនគ្រប់រូបត្រូវមានស្មារតីស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តបទបញ្ជាការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់បរទេស។
ទី២. ផ្សព្វផ្សាយច្បាប់កាតព្វកិច្ចយោធា៖ ត្រូវរួមគ្នាក្នុងការអប់រំ និងផ្សព្វផ្សាយជូនក្រុមគ្រួសារ និងប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាឱ្យទទួលបានជោគជ័យ ដើម្បីបង្កើតធនធានមនុស្សគ្រប់គ្រាន់ ក្នុងភារកិច្ចការពារជាតិនាបរិបទថ្មី។
ទី៣. រក្សាសន្តិសុខ និងការពារធនធានធម្មជាតិ៖ ត្រូវបន្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងលោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីថែរក្សាសម្បត្តិធម្មជាតិទុកជូនកូនចៅជំនាន់ក្រោយ។
អត្ថបទដោយ៖ ប៊ុន រដ្ឋា





































