តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បើកវគ្គហ្វឹកហ្វឺនពង្រឹងវិន័យ និងបច្ចេកទេសអាវុធ ដើម្បីបង្កើនសមត្ថភាពការពារបូរណភាពទឹកដី

0

ខេត្តព្រះវិហារ៖ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានបើកវគ្គហ្វឹកហ្វឺនបំប៉នវិន័យ សណ្ដាប់ធ្នាប់ និងបច្ចេកទេសប្រើប្រាស់អាវុធ (AK-47, B-40, B-41 និង PKMS) ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះទីបញ្ជាការ ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធ និងការត្រៀមខ្លួនឆ្លើយតបគ្រប់ស្ថានការណ៍។

ពិធីបើកវគ្គហ្វឹកហ្វឺននេះ បានប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពសមរភូមិទិសទី១ (អាសេះ)។

ថ្លែងនៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានស្ទុះស្ទាររំលេច និងផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់សិក្ខាកាមទាំងអស់ ត្រូវកាន់ខ្ជាប់នូវវិន័យ ច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភារកិច្ចបម្រើជាតិ។ លោកឧត្តមសេនីយ៍បានគូសបញ្ជាក់ថា យោធិនគ្រប់រូបត្រូវត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ក្នុងការអនុវត្តបទបញ្ជារបស់ថ្នាក់លើ ពង្រឹងគោលជំហរឆន្ទៈឱ្យបានរឹងមាំ ដើម្បីធានាបាននូវការការពារបូរណភាពទឹកដី និងថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃបច្ចេកទេសប្រើប្រាស់អាវុធ ដោយតម្រូវឱ្យសិក្ខាកាមយកចិត្តទុកដាក់ក្តាប់បាននូវជំនាញបាញ់ឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍បានរំលឹក និងដាស់តឿនឱ្យពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ឈរលើស្មារតី «រួមសុខទុក្ខជាមួយគ្នា រួមដៃប្រយុទ្ធ និងមិនបោះបង់មិត្តរួមអាវុធឡើយ» ក្នុងគ្រប់កាលៈទេសៈនៃការបំពេញបេសកកម្មជូនជាតិមាតុភូមិ៕ដោយ៖ឡុង សំបូរ