សៀមរាប: នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ២០២៦នេះ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធាក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាល ខេត្ត ដោយមានការចូល
រួមពីឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជានាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត កងកម្លាំងទាំងបី និង មន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុកចូលរួមផងដែរ ។
ឆ្លងតាមកិច្ចពិភាក្សានៃរបៀបវារៈដែលបានគ្រោងទុក កិច្ចប្រជុំបានដំណើរការទៅដោយរលូន ព្រមទាំងបានផ្តោត ទៅលើបញ្ហាមួយចំនួន លើវិស័យទេសចរណ៍ ,ករណីអ្នកសុំទានតាមតំបន់រមណីយដ្ឋាន , បញ្ហាការបើកផ្លូវ ,បញ្ហាចរាចរណ៍ សណ្តាប់ធ្នាប់ តាមទីប្រជុំជន និង ការយកផ្លូវអ្នកថ្មើរជើងធ្វើជាទីតាំងលក់ទំនិញ និង ការសុំស្តារអាងទឹក និង ប្រព័ន្ធស្រោចស្រព ។ ក្នុងនោះដែរមន្ទីរបរិស្ថាន ក៏បានលើកនូវការផ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ពីផលប៉ះពាល់ដល់សុខភាព ពីកាកសំណល់ក្នុងការចិញ្ចឹមសត្វ ព្រមទាំងបញ្ហារបស់មន្ត្រីមណ្ឌលសុខភាពផងដែរ ។
មានប្រសាសន៍នោះដែរលោក អ៊ឹង គឹមលាង បានបញ្ជាក់ថា រាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តលើកឡើង គឺជាធាតុចូលនៃសូចនាករដ៏សំខាន់ ដើមី្បដាក់បញ្ចូលទៅក្នុងផែនការវិនិយោគរបស់រដ្ឋបាលខេត្ត យកទៅអនុវត្ត ។ លោកក៏បានជម្រុញដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ និង រដ្ឋបាលក្រុង ស្រុក ត្រូវធ្វើការគ្រប់គ្រង និង អនុវត្តឲ្យខាងតែបាន នូវរាល់ចំណុចដែលសមាជិកក្រុមប្រឹក្សាខេត្តបានលើកក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧នេះ ។ ម៉្យាងទៀត ដោយខេត្តសៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត គ្រប់ស្ថាប័នទាំងអស់ត្រូវរួមគ្នា លើការងារបរិស្ថាន អនាម័យក្នុងក្រុង ស្រុក ដើមី្បលើកនូវសោភ័ណ្ឌភាពខេត្តប្រវត្តិសាស្ត្រមួយនេះ ឲ្យកាន់ទាក់ទាញភ្ញៀវចូលមកកម្សាន្ត ។
ឯកឧត្តម លី សំរិទ្ធ បានឯកភាពរាល់លទ្ធផលដែលរដ្ឋបាលខេត្តអនុវត្តបាន ប្រចាំខែកក្កដា ឆ្នាំ២០២៦ ព្រមទាំងសូមឲ្យធ្វើការកែតម្រូវនូវរាល់សកម្មភាពការងារមួយចំនួន និង ពិនិត្យអក្ខរាវិរុទ្ធឲ្យបានត្រឹមត្រូវ ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ទៅលើលទ្ធផល នៃការចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្តប្រចាំខែ និង ការពិនិត្យ ពិភាក្សាគ្នាឲ្យបានស៊ីជម្រៅ ដើមី្បជាគោលដៅសម្រាប់ក្នុងការអនុវត្តបន្តផងដែរ ។ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់ក្រុមការងារក្រុមប្រឹក្សាខេត្ត ក្នុងការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង ស្រុក ដើមី្បដោះស្រាយនូវរាល់បញ្ហា ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលទាក់ទងលើសេវាសាធារណៈ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានគូសបញ្ជាក់ថា ដើមី្បសុខភាពវិស័យ ទេសចរណ៍នៅកម្ពុជា សំខាន់ខេត្តសៀមរាប យើងត្រូវរួមគ្នាលើការអភិរក្ស និង អភិវឌ្ឍន៍ ។ ម៉្យាងទៀតសូមបងប្អូនប្រតិបត្តិករ វិស័យទេសចរណ៍ អាជីវករ និង មគ្គុទេសក៏ មិនត្រូវលើកពីចំណុចអវិជ្ជមានរបស់ខ្លួនទៅប្រាប់ភ្ញៀវ និង ការលក់ដូរកេងបន្លំដល់ ភ្ញៀវទេសចរណ៍ នោះជាការវាយបំបែកឆ្នាំងបាយខ្លួនហើយ ។ ឯកឧត្តមបានបន្តទៀតថា ការថយចុះនៃភ្ញៀវទេសចរណ៍នេះ ក៏ មានវិបត្តិសេដ្ឋកិច្ចលើពិភពលោក ដោយសង្គ្រាម , ដោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង បញ្ហាអនាម័យ បរិស្ថាន និង សូមកុំធ្វើឲ្យភ្ញៀវទេសចរណ៍ក្លាយទៅជាឃោសនិក ដែលធ្វើឲ្យបាត់បង់ភ្ញៀវមកកម្ពុជា ។ ឯកឧត្តមក៏បានលើកផងដែរថា នៅក្នុងខេត្តសៀមរាប មានមន្ទីរពេទ្យសម្រាប់ភ្ញៀវទេសចរណ៍ ទៅតាមកម្រិតស្រង់ដាអន្តរជាតិដែរឬទេ ។ ឯកឧត្តម លី សំរិទ្ធ ក្នុងនាម រដ្ឋបាលខេត្ត ក៏បានជម្រុញដល់រដ្ឋបាលក្រុង ស្រុក លើការពិនិត្យ និង រៀបចំសណ្តាប់ធ្នាប់ នៅតាមទីប្រជុំជន តាមដងផ្លូវសាធា រណៈ ដើមី្បបញ្ជៀសផលប៉ះពាល់ចរាចរណ៍ ពិសេសការយកចំណីផ្លូវ និង ផ្លូវថ្មើរជើងធ្វើជាទីតាំងលក់ដូរ ។ ឯកឧត្តមបានផ្តល់ អនុសាសន៍មួយចំនួន លើការងារធនធានទឹក គឺត្រូវកែប្រែបណ្តាអាងស្តុបទឹក ដែលមានការរីងរាកនោះ គ្រប់បណ្តាក្រុង ស្រុក ដែលមានការពាក់ព័ន្ធនឹងអាងទឹក ត្រូវរៀបចំផែនការ ធ្វើការស្តារឡើងវិញ ដើមី្បធានាក្នុងការផ្ទុកទឹក សម្រាប់ផ្គត់ផ្គង់ ស្រោចស្រពផលដំណាំរបស់ប្រជាកសិករ ដែលជាមធ្យោបាយបង្កើនប្រភពទឹកធម្មជាតិនៅតាមមូលដ្ឋាន ។ ម៉្យាងទៀត ចំពោះបញ្ហា គ្រឿងញៀន និង បារីអេឡិចត្រូនិច និងក្មេងទំនើង ដែលជាប្រធានបទដ៏ក្តៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ឲ្យខាងតែបាន ។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានកម្មាំងសមត្ថកិច្ច មានតួនាទីបង្ក្រាបក្រុមក្មេងទំនើង កុំឲ្យកើតមានក្នុងមូលដ្ឋាន ដែលធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ ៕






































