ខេត្តព្រះវិហារ៖ ឧទ្យានរាជបណ្ឌិត្យសភាតេជោសែន ឬស្សីត្រឹប នៅតែរងនូវសោកនាដកម្មលបលួចចូលកាប់បំផ្លាញព្រៃឈើ បើទោះបីជាមានការខិតខំប្រឹងប្រែងរួមគ្នាទប់ស្កាត់ពីសំណាក់មន្ត្រីឧទ្យាន និងអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានយ៉ាងណាក្តី។
ក្រុមការងារល្បាតព្រៃនៃទ្យានរាជបណ្ទិត្យសភា កាលពីថ្ងៃទី៤-៥សីហា២០២៦ បានរកឃើញឈើសុក្រមចំនួន ០៥ ដើម ដែលត្រូវបានលួចកាប់ថ្មីៗនៅចំណុចព្រៃខាងលិចស្រះសេះផ្អើល ត្រង់ប្រឡាយព្រំអូរគគី ត្រពាំងឆ្នើចាម ក្បែរព្រំអូរស្អត ព្រៃស្មាច់ ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ។ នេះគឺជាការបាត់បង់ដ៏ធំធេងមួយសម្រាប់បរិស្ថាន និងកូនចៅជំនាន់ក្រោយ។
មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាតេជោសែន ឬស្សីត្រឹប បានលើកឡើងថា អស់ជាច្រើនឆ្នាំមកហើយ ដែលលោកបានខិតខំប្រឹងប្រែងដើម្បីអប់រំ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការការពារព្រៃឈើ។ ទោះជាយ៉ាងណាក៏ដោយ ជនល្មើសមួយចំនួននៅតែបន្តប្រព្រឹត្តអំពើល្មើសច្បាប់ដោយមិនមានការកោតក្រែង។ តើពួកគេមិនគិតពីផលវិបាកដែលនឹងកើតមានចំពោះបរិស្ថាន និងសង្គមទេឬ?។
មន្ត្រីឧទ្យានបានប្រកាសថា លែងមានការអប់រំទៀតហើយ ចំពោះជនល្មើសដែលនៅតែបន្តប្រព្រឹត្តអំពើល្មើសច្បាប់ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ គ្មានហេតុផលណាមួយ ដែលអាចដោះសារសម្រាប់ការបំផ្លិចបំផ្លាញព្រៃឈើបានឡើយ។
យោងតាមច្បាប់ស្តីពីព្រៃឈើ មាត្រា ៣៤៖ ជនណាដែលកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន ,មាត្រា ៣៦៖ ជនណាដែលលួចឈើចេញពីព្រៃឈើ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
មន្ត្រីឧទ្យានបានអំពាវនាវដល់មេធាវី អង្គការដែលការពារជនល្មើស សូមពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តការពារជនទាំងនេះ។ លោកថា ការការពារជនល្មើសនឹងគ្រាន់តែជួយឱ្យពួកគេបន្តបំផ្លិចបំផ្លាញព្រៃឈើតែប៉ុណ្ណោះ។ ប្រសិនបើយើងមិនរួមកម្លាំងគ្នាដើម្បីការពារព្រៃឈើទេ នោះព្រៃឈើរបស់យើងនឹងបាត់បង់ជាមិនខាន។ នេះនឹងក្លាយជាគ្រោះមហន្តរាយដ៏ធំធេងសម្រាប់បរិស្ថាន និងកូនចៅជំនាន់ក្រោយ «សូមរួមគ្នាការពារព្រៃឈើ ដើម្បីភាពស្រស់ស្អាត និងភាពគង់វង្សនៃធម្មជាតិរបស់យើង»៕ដោយ៖ឡុង សំបូរ






































