ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំពិនិត្យលើបទបង្ហាញពាក់ព័ន្ធនឹងការកាន់កាប់ដី ចំណី ទន្លេ ព្រែក និងបឹងបួរ ក្នុងខេត្តកំពង់ចាម

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យលើ បទបង្ហាញពាក់ព័ន្ធនឹងការកាន់កាប់ដី ចំណីទន្លេ ព្រែក និងបឹងបួរ ក្នុងភូមិសាស្ត្រខេត្ត កំពង់ចាម ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៦ សីហា ២០២៦ នៅសាលាខេត្តកំពង់ចាម ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំការពិនិត្យ ពិភាក្សាលើបទបង្ហាញ ពាក់ព័ន្ធនឹងស្ថានភាពការកាន់កាប់ដីចំណីទន្លេ ព្រែក និងបឹងបួរ ក្នុងភូមិសាស្ត្រខេត្ត កំពង់ចាម ដើម្បីធានាបាននូវការអភិវឌ្ឍក្រុង-ស្រុក ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានប្រកបដោយចីរភាព ពោលគឺដើម្បីទប់ស្កាត់ការរំលោភបំពាន ការពារ អេកូឡូស៊ី និងរៀបចំសណ្តាប់ធ្នាប់សាធារណៈផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានក្រើនរម្លឹកដល់ អាជ្ញាធរក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តការកំណត់វិធានការតឹងរ៉ឹងលើ ការសាងសង់ ឬទន្ទ្រានយកដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ ដើម្បីការពារបរិស្ថាន ចរន្តទឹក និងសុវត្ថិភាពពីគ្រោះធម្មជាតិ ពោលគឺត្រូវចាត់វិធានការច្បាប់ម៉ឺងម៉ាត់ចំពោះជន ណាដែលចាក់ដីលុប ឬសាងសង់សំណង់លើដីចំណីទន្លេ ស្ទឹង ព្រែក និងបឹងបួ ដើម្បីរក្សា សម្រស់ធម្មជាតិ និងជៀសវាងការប្រែប្រួលចរន្តទឹក ឬការបាក់ច្រាំងជាដើម ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ខេត្តកំពង់ចាមបានបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋបានយ៉ាងជោគជ័យក្នុងនាមជាខេត្តដំបូងគេ។ ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរនៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើ ការគ្រប់គ្រង ការពារ និងទប់ស្កាត់ការរំលោភបំពានលើដីសាធារណៈរបស់រដ្ឋ ដីចំណី ទន្លេ ព្រែក និងបឹងបួរ ដើម្បីផលប្រយោជន៍សាធារណៈ និងកាត់បន្ថយហានិភ័យផ្សេងៗ ផងដែរ ៕