តាកែវ៖ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្ត សូមបង្កើនស្មារតីប្រុងប្រយ័ត្ន និងរួមគ្នាកម្ទេចជម្រកមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺនៅតាមខ្នងផ្ទះ និងសហគមន៍។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យ និងតាមដានស្ថានភាពជំងឺគ្រុនឈាមនៅសាលជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ថ្មីៗនេះ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានធ្វើការណែនាំអំពីវិធានការបង្ការជំងឺគ្រុនឈាមថា៖ គ្មានដង្កូវទឹក គឺគ្មានមូសខ្លា ហើយគ្មានមូសខ្លា គឺគ្មានជំងឺគ្រុនឈាមឡើយ! ការពារប្រសើរជាងព្យាបាល ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចំណាយពេលត្រឹមតែ ១០ ទៅ ១៥នាទី ក្នុងមួយសប្តាហ៍ ដើម្បីលុបបំបាត់ជម្រកមូសខ្លានៅជុំវិញផ្ទះលោកអ្នក ព្រោះនេះជាកាដូសុវត្ថិភាពដ៏ល្អបំផុតសម្រាប់កូនចៅ និងក្រុមគ្រួសារ»។
នៅក្នុងសារអំពាវនាវនោះ លោកឱសថការី ផាន់ វ៉ាន់ បានណែនាំនូវវិធានការសំខាន់ៗដែលប្រជាពលរដ្ឋត្រូវអនុវត្តជាចាំបាច់ដោយត្រូវរួមគ្នាសម្អាតបរិស្ថានជុំវិញផ្ទះ បំបាត់ដង្កូវទឹក និងលុបបំបាត់ទីកន្លែងដក់ទឹកគ្រប់ប្រភេទ ដូចជា សំបកកង់ឡាន កំប៉ុង ត្រឡោកដូង ឬវត្ថុដក់ទឹកផ្សេងៗ ត្រូវគ្របពាង ឬធុងទឹកឱ្យបានជិត និងដាក់ថ្នាំអាបែត ឬចិញ្ចឹមត្រីប្រាំពណ៌ដើម្បីស៊ីដង្កូវទឹក ប្រសិនបើឃើញសមាជិកគ្រួសារ ជាពិសេសកុមារ មានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ឬសង្ស័យថាមានជំងឺគ្រុនឈាម សូមប្រញាប់បញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលជិតបំផុតជាបន្ទាន់ និងដាច់ខាតកុំផ្សំថ្នាំលេបដោយខ្លួនឯងឱ្យសោះ៕






































