ខេត្តមណ្ឌលគិរី៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងស្នាក់ការសត្វព្រៃអូរល្វេ សហការជាមួយស្នាក់ការម្រើច និងស្នាក់ការឈួល នៃដែនជម្រកសត្វព្រៃស្រែពក បានចុះល្បាត និងបង្ក្រាបករណីបទល្មើសសត្វព្រៃ នៅចំណុចផ្លូវលេខ១៤ ស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយរឹបអូសបានសាកសពជ្រូកព្រៃ ១ក្បាល និងឈ្លូស ២ក្បាល។
ក្នុងប្រតិបត្តិការនោះ ជនសង្ស័យចំនួន ២នាក់ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ ចំពោះសាកសពសត្វព្រៃទាំង ៣ក្បាល ត្រូវបានកម្លាំងជំនាញដុតបំផ្លាញចោលភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលវត្ថុតាងម៉ូតូ ត្រូវបានយកទៅរក្សាទុកនៅស្នាក់ការ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ឡុង សំបូរ






































