ខេត្តព្រះវិហារ៖ ក្រោមការដឹកនាំ និងការណែនាំដ៏យកចិត្តទុកដាក់ពី លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងការចង្អុលបង្ហាញជាប្រចាំពី លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តការងារថែទាំ ជួសជុល និងកែលម្អបណ្តាញផ្លូវថ្នល់ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនជាប្រចាំ ដើម្បីធានាជូនប្រជាពលរដ្ឋធ្វើដំណើរបានដោយសុវត្ថិភាព ងាយស្រួល និងចំណេញពេលវេលា។
ជាក់ស្តែង នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់របស់មន្ទីរ បានចុះអនុវត្តការងារថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៩៤ (ប្រភេទផ្លូវក្រាលដីល្បាយថ្ម) ដែលមានប្រវែងសរុប ៥៤,៩គីឡូម៉ែត្រ ចាប់ពីចំណុចឫស្សីត្រឹប ដល់កំពង់ស្រឡៅ (ព្រំដែនកម្ពុជា-ឡាវ) ស្ថិតក្នុងភូមិសាស្ត្រស្រុកឆែប។ ការងារនេះត្រូវបានធ្វើឡើងដោយប្រើប្រាស់គ្រឿងចក្រ និងកម្លាំងមន្ត្រីជំនាញ ចុះអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីស្តារស្ថានភាពផ្លូវឱ្យប្រើប្រាស់បានល្អប្រសើរឡើងវិញ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី ថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកសូមសម្តែងការអភ័យទោសចំពោះប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ ដែលបានជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក ដោយសារភ្លៀងធ្លាក់ជោកជាំជាបន្តបន្ទាប់ បង្កឱ្យផ្លូវរអិល និងខូចខាតនៅតាមផ្នែកមួយចំនួន ខណៈក្រុមការងារមិនអាចបញ្ចេញគ្រឿងចក្រចូលអន្តរាគមន៍បានភ្លាមៗ ព្រោះលក្ខខណ្ឌអាកាសធាតុមិនអំណោយផល។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា ៖ «បន្ទាប់ពីអាកាសធាតុបានល្អប្រសើរឡើងវិញ ថ្ងៃនេះក្រុមការងារបច្ចេកទេសបានបញ្ចេញគ្រឿងចក្រចូលកៀរសម្រួល និងកិនបង្ហាប់ផ្លូវឡើងវិញ ដោយសម្រេចការជួសជុលបានប្រវែងប្រមាណ ៤គីឡូម៉ែត្ររួចរាល់។ ទោះជាយ៉ាងណា ប្រសិនបើមានភ្លៀងធ្លាក់មកទៀត ការងារជួសជុលអាចនឹងត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីរក្សាគុណភាពការងារ និងជៀសវាងការខូចខាតបន្ថែម»។
លោក សំ លាងទ្រី បានបន្ថែមថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងបន្តខិតខំប្រឹងប្រែងពង្រឹងការងារថែទាំផ្លូវថ្នល់ទាំងអស់ ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត ដើម្បីធានាឱ្យបណ្តាញផ្លូវមានស្ថានភាពល្អ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ កាត់បន្ថយការចំណាយ និងចំណេញពេលវេលាជូនប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការតភ្ជាប់តំបន់ព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាព។
លោកប្រធានមន្ទីរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការរអាក់រអួលជាបណ្តោះអាសន្ននេះ ព្រមទាំងសូមបើកបរដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសនៅតាមកំណាត់ផ្លូវដែលកំពុងដំណើរការជួសជុល ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕ដោយ៖ឡុង សំបូរ






































