សហគមន៍កសិកម្ម ២៨ ក្នុងខេត្តព្រះវិហារ ចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ស្រូវ និងដំឡូងមីសរីរាង្គ ជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ និង CACC

0

ខេត្តព្រះវិហារ៖ សហគមន៍កសិកម្មចំនួន ២៨ ក្នុងខេត្តព្រះវិហារ បានចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គ ជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ (Amru Rice) ព្រមទាំងកិច្ចសន្យាទិញ-លក់ដំឡូងមីសរីរាង្គ ជាមួយក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក មាស ពិសិដ្ឋ រដ្ឋលេខាធិការ និងជាតំណាង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ, លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice កម្ពុជា, លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក នួន ដេ ប្រធានសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ (PMUAC)។

កិច្ចសន្យាកសិកម្មនេះ គឺជាជំហានយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរបស់ រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការធានាទីផ្សារ និងស្ថិរភាពតម្លៃ។ កិច្ចសហប្រតិបត្តិការនេះបង្កើតទំនុកចិត្តយ៉ាងរឹងមាំជូនប្រជាកសិករ តាមរយៈការកំណត់តម្លៃទិញ-លក់សមរម្យ ច្បាស់លាស់ និងមានស្ថិរភាព។

ទន្ទឹមនឹងនេះ ក៏ជាការលើកកម្ពស់ស្តង់ដារកសិកម្មសរីរាង្គ ដោយជំរុញការដាំដុះស្រូវ និងដំឡូងមីឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាំចេញ ព្រមទាំងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់កសិករក្នុងខេត្តព្រះវិហារឱ្យកាន់តែប្រសើរឡើង។

នាឱកាសនោះ អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងអាជ្ញាធរដែនដី មន្ទីរជំនាញ ផ្នែកឯកជន និងសហគមន៍កសិកម្ម ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការជ្រោមជ្រែង និងជំរុញខ្សែច្រវាក់ផលិតកម្មកសិកម្មក្នុងខេត្តព្រះវិហារ ឱ្យកាន់តែមានភាពរឹងមាំ និងចីរភាព។

លោកឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៦ នេះ ក្រុមហ៊ុន Amru Rice ប្តេជ្ញាទទួលទិញស្រូវសរីរាង្គចំនួន ៤០,០០០តោន ដែលមានទំហំថវិកាប្រមាណជាង ១២លានដុល្លារអាមេរិក ពីកសិករជាង ៣,៥ណែន (៣,៥០០) គ្រួសារ ក្នុងសហគមន៍កសិកម្មទាំង ២៨ នៅខេត្តព្រះវិហារ។

លោកឧកញ៉ា បានគូសបញ្ជាក់បន្ថែមថា៖ «កសិកម្មតាមកិច្ចសន្យា មិនមែនគ្រាន់តែជាការធានាទីផ្សារសម្រាប់កសិករប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងទំនុកចិត្ត ភាពជាដៃគូ និងការរីកចម្រើនរួមគ្នា រវាងកសិករ សហគមន៍ វិស័យឯកជន និងរាជរដ្ឋាភិបាល។ វាចូលរួមលើកកម្ពស់គុណភាពផលិតផល បង្កើនប្រាក់ចំណូលគ្រួសារកសិករ ពង្រឹងការតាមដានប្រភពដើម (Traceability) និងបង្កើនប្រៀបប្រកួតប្រជែងនៃកសិផលកម្ពុជាលើទីផ្សារអន្តរជាតិ»៕ដោយ៖ឡុង សំបូរ