ខេត្តស្ទឹងត្រែង៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យសកម្មភាពក្រុមការងារឈូសឆាយដីធ្លី ដើម្បីត្រៀមសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន នៅទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពចុះពិនិត្យនេះ ធ្វើឡើងដើម្បីអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងការរៀបចំផែនការសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលកំពុងជួបការលំបាកខ្លាំង។ តាមរយៈការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានកំណត់មុខសញ្ញាគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលត្រូវទទួលបានការសាងសង់ផ្ទះជូនសរុបចំនួន ១២៤ខ្នង។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំកៀគរថវិកា ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ស្របតាមអំណោយផលដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋដែលបានចូលទៅទន្ទ្រានលើទីតាំងដីសម្បទានសង្គមកិច្ចរបស់សមាគម មេត្តាប្រគល់ដីទាំងនោះជូនសមាគមវិញ ដោយស្ម័គ្រចិត្ត ដើម្បីចាត់ចែងសាងសង់ជម្រកជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនឱ្យបានឆាប់រហ័ស។
យោងតាមទិន្នន័យផ្លូវការ បច្ចុប្បន្នខេត្តស្ទឹងត្រែង មានអតីតយុទ្ធជនសរុប ១,៥៥០នាក់ និងនិវត្តជនចំនួន ៣៨៨នាក់។ ក្នុងនោះ រួមមាន៖ អតីតយុទ្ធជន ៩៤នាក់ មានដីប៉ុន្តែគ្មានផ្ទះ
អតីតយុទ្ធជន ២៤នាក់ គ្មានដី និងគ្មានផ្ទះ អតីតយុទ្ធជន ៣២នាក់ មានផ្ទះរស់នៅមិនសមរម្យ
និវត្តជន ៤នាក់ គ្មានដី និងគ្មានផ្ទះ គម្រោងសាងសង់ផ្ទះសម្បទានសង្គមកិច្ចនាពេលនេះ នឹងក្លាយជាសមិទ្ធផលថ្មីមួយទៀត ក្នុងការលើកកម្ពស់គុណភាពជីវិត និងផ្តល់ភាពកក់ក្តៅយ៉ាងពិតប្រាកដ ដល់វីរយុទ្ធជន និងនិវត្តជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងកម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ៕ដោយ៖ឡុង សំបូរ





































