កម្លាំងឧទ្យានុរក្សបំបែកទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ ដកហូតឈើ និងម៉ាស៊ីនកែច្នៃជាច្រើនគ្រឿង

0

ខេត្តព្រះវិហារ៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃ ឆែប-ព្រះរការ និង គូលែន-ព្រហ្មទេព ដោយបានទទួលគោលការណ៍អនុញ្ញាតផ្លូវច្បាប់ពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ ៤ កន្លែង ស្ថិតក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។

ប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបជាក់ស្តែង កម្លាំងជំនាញបានពិនិត្យឃើញថា មានទីតាំងចំនួន ០១ កន្លែង កំពុងដំណើរការសកម្មភាពបទល្មើសយ៉ាងរហ័សរហួន ខណៈ ០៣ ទីតាំងទៀតពុំមានសកម្មភាពនោះឡើយ។ លោកថា ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងបទល្មើសរួមមាន៖ ឈើអារចម្រុះ (ជ្រៀករួច)៖ ចំនួន ១,៤៦៤ ម៉ែត្រគូបត្រីគុណ ,ឈើដើមច្រម៉ាសមូល (ប្រវែង ២ម៉ែត្រ, មុខកាត់ ១០-១៥សម)ចំនួន ២៤ ដុំ ,គោយន្តកន្ត្រៃ ០២ គ្រឿង ,ម៉ាស៊ីនជ្រៀកឈើ ០១ គ្រឿង ,កង់យោងអូសផ្លែជ្រៀក ០១ និងជើងម៉ែត្រតាប ចំនួន ០១។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានមន្ត្រីជំនាញប្រមូល និងដឹកជញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅ «ស្នាក់ការអូរកក់» ដើម្បីរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ បញ្ជូនទៅតុលាការចាត់ការបន្ត។

អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការដាស់តឿន និងក្រើនរំលឹកយ៉ាងម៉ឺងម៉ាត់ដល់បុគ្គល ឬជនខិលខូចទាំងឡាយណាដែលកំពុងប្រព្រឹត្ត ឬមានបំណងប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើ និងកែច្នៃឈើដោយខុសច្បាប់ សូមបញ្ឈប់សកម្មភាពជាបន្ទាន់។

យោងតាម ច្បាប់ស្តីពីព្រៃឈើ និង ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ ការកាប់បំផ្លាញព្រៃឈើ ការបង្កើត ឬដំណើរការសិប្បកម្មកែច្នៃឈើដោយគ្មានការអនុញ្ញាត ត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ ឬរហូតដល់ ៥ ឆ្នាំ ដល់ ១០ ឆ្នាំ (ចំពោះបទល្មើសថ្នាក់ទី១ ឬបទល្មើសធ្ងន់ធ្ងរ)។ ជនល្មើសត្រូវប្រឈមនឹងការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ រួមទាំងការរឹបអូសរាល់ឧបករណ៍ សម្ភារ មធ្យោបាយធ្វើសកម្មភាព និងផល-ផលិតផលព្រៃឈើទាំងអស់ជាសម្បត្តិរដ្ឋ ដោយគ្មានការលើកលែង។

សមត្ថកិច្ច និងមន្ត្រីឧទ្យានុរក្សនឹងបន្តចុះល្បាត ស្រាវជ្រាវ និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិដោយគ្មានការយោគយល់ ឬលើកលែងឡើយ ដើម្បីការពារ និងអភិរក្សសម្បត្តិធម្មជាតិរបស់ជាតិឱ្យបានគង់វង្ស៕ដោយ៖ឡុង សំបូរ