អភិបាលខេត្តស្ទឹងត្រែង អញ្ជើញបើកហឹបវិញ្ញាសាប្រឡងបាក់ឌុបឆ្នាំ២០២៦ ព្រមទាំងតម្រង់ទិស និងផ្តល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់

0

ខេត្តស្ទឹងត្រែង៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង២០២៦ បានចាប់ផ្ដើមជាផ្លូវការហើយ ដោយក្នុងនោះ លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកហឹបវិញ្ញាសាប្រឡង នៅមណ្ឌលប្រឡងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ ។

ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកអភិបាលខេត្ត បានថ្លែងសារលើកទឹកចិត្តយ៉ាងកក់ក្តៅ និងតម្រង់ទិសដល់បេក្ខជនទាំងអស់ ឱ្យខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព ស្មារតីរឹងមាំ និងជឿជាក់លើខ្លួនឯង ដោយមិនត្រូវមានអារម្មណ៍ភ័យព្រួយ ឬតក់ស្លុតឡើយ។ ជាមួយគ្នានេះ លោកអភិបាលខេត្តក៏បានក្រើនរំលឹក និងផ្ដាំផ្ញើឱ្យបេក្ខជនទាំងអស់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងនៃការប្រឡងឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីរួមគ្នារក្សាតម្លាភាព យុត្តិធម៌ និងភាពស្មោះត្រង់ ស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»។ លោក សរ សុពុត្រា ក៏បានជូនពរឱ្យក្មួយៗបេក្ខជនទាំងអស់ ទទួលបានលទ្ធផលជោគជ័យ ទទួលបាននិទ្ទេសល្អៗ ដូចបំណងប្រាថ្នា។

បន្ថែមពីនេះ លោក សរ សុពុត្រា អភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំការប្រឡង អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន និងត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា។

គួរជម្រាបជូនថា សម្រាប់ឆ្នាំ២០២៦នេះ ខេត្តស្ទឹងត្រែងមានបេក្ខជនចុះឈ្មោះចូលរួមប្រឡងសរុប ១,១៩៤ នាក់ (ស្រី ៦៨៦ នាក់) ដោយចែកចេញជា ០៣ មណ្ឌលប្រឡង សរុប ៤៩ បន្ទប់ រួមមាន៖ មណ្ឌលវិទ្យាសាស្ត្រសង្គម៖ មានចំនួន ០២ មណ្ឌល សរុប ៤២ បន្ទប់ និងមណ្ឌលវិទ្យាសាស្ត្រ៖ មានចំនួន ០១ មណ្ឌល សរុប ០៧ បន្ទប់។

ជុំវិញការប្រលងបាក់ឌុបនាព្រឹកថ្ងៃទី១នេះដែរ អភិបាលរង និងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គង់ បានបញ្ជាក់ថា មានបេក្ខជនប្រលង ១នាក់បានអវត្តមានដោយពុំមានមូលហេតុជាក់លាក់ និងមានបញ្ហាផ្នែកសុខភាព ១នាក់ តែអាចដំណើរការប្រឡងបានជាធម្មតា៕ដោយ៖ឡុង សំបូរ