សៀមរាប:នៅក្នុងឱកាសអញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យ១០មករា ១៩៧៩ ខេត្តសៀមរាប នាព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៦នេះ ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា៖ជាការពិត ប្អូនៗជាបេក្ខជនមានឆន្ទៈនិងសេចក្តីប្រាថ្នារៀងៗខ្លួន។ប្អូនៗខ្លះមាន បំណងប្រឡងយកនិទ្ទេសល្អប្រសើរ(អេ)
ប្អូនៗខ្លះប្រឡងទៅតាមសមត្ថភាពគឺសុំត្រឹមប្រឡងជាប់។តែយ៉ាងណាក្តីសូមប្អូនកុំគិតច្រើននិងកុំបោះបង់ក្តីសង្ឃឹម គឺត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទោះជាលទ្ធផលនិទ្ទេសអ្វីក៏ដោយឲ្យតែប្រឹងប្រឡងជាប់ ។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា មុនឆ្នាំ២០២៤ ក្រោយប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធម្យមសិក្សាទុតិយភូមិ រដ្ឋបាលខេត្តសៀមរាប បានប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA ម៉ូតូម្នាក់មួយគ្រឿង។នៅឆ្នាំ២០២៥ ដោយទទួលបានការណែនាំពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋបាលខេត្តបានសម្រេចជូនរង្វាន់លើកទឹកចិត្ត ជាថវិកាម្នាក់ៗ១០០០ដុល្លារ សម្រាប់សិស្សទទួលបាននិទ្ទេសAចំនួន ២៥៧ នាក់ និង សិស្សនិទ្ទេសB ក៏ទទួលបានថវិកាជារង្វាន់លើកទឹកចិត្តដែរ។ដូចគ្នាដែរសម្រាប់ឆ្នាំ២០២៦នេះ បេក្ខជនប្រឡងជាប់និទ្ទេសAនិងB ក៏នឹងមានរង្វាន់លើកទឹកចិត្តដែរ គ្រាន់តែចំនួនមិនស្មើគ្នានោះទេ។ឯកឧត្តម ប្រាក់ សោភ័ណ បញ្ជាក់ថា ដោយបានការគិតគូរយកចិត្តទុកដាក់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ដល់រដ្ឋបាល ខេត្តសៀមរាប ឲ្យធ្វើការពិនិត្យមើលនិងយកចិត្តទុកដាក់ទៅលើបេក្ខជនដែលគ្រួសារមានជីវភាពខ្វះខាតប្រឡងជាប់ហើយតែខ្វះលទ្ឋភាពបន្តការសិក្សា បន្ថែមពីនេះបេក្ខជនប្រឡងធ្លាក់គ្រួសារមានជីវភាពខ្វះខាតក៏ផ្តល់ការគាំទ្រដើម្បីឲ្យគាត់បានបន្តទៅរៀនមុខជំនាញបច្ចេកទេសផ្សេងៗដែលមានស្រាប់នៅក្នុងខេត្ត។ ឯកឧត្តម ប្រាក់ សោភ័យ ក៏បានលើក ផងដែរថា ចំពោះអាហារូបករណ៍រដ្ឋបាលខេត្ត មានកិច្ចសហការជាមួយបណ្តាសាកលវិទ្យាល័យក្នុងខេត្ត និង តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា មានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងបណ្តាដៃគូរប្រទសជាមិត្ត ដោយ ផ្តល់ជូនប្អូនៗប្រឡងជាប់និទ្ទេសA ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាល ខេត្ត បានធ្វើការផ្តាំផ្ញើដល់ប្អូនៗ
ជាបេក្ខជនទាំងអស់ ត្រូវយកចិត្តទុកដាក់ លើរាល់វិញ្ញាសារប្រឡងឲ្យបានខ្ជាប់ខ្ជួន ដើមី្ប បំពេញនូវបំណងរបស់ខ្លួន ដែលបានខិតខំសិក្សាអស់រយៈពេល១២ឆ្នាំមកឲ្យទទួលបានជោគជ័យ ។ ម៉្យាងទៀត ទោះបី ប្អូនៗពេលប្រឡងធ្លាក់ សុំកុំតូចចិត្ត គឺត្រូវខិតខំសិក្សាបន្តទៀត សម្រាប់ប្រឡងឆ្នាំបន្ត ព្រោះពេលវេលារបស់ប្អូនៗនៅវែងឆ្ងាយក្នុងការកសាងអនាគតខ្លួន ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ទៀតថា ចំពោះប្អូនៗដែលប្រឡងជាប់ តែមិនទទួលបាននិទ្ទេសល្អ និង មិនបានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ហើយបើប្អូនចង់រៀននូវផ្នែកមុខជំនាញនោះ នៅខេត្តសៀមរាប មានវិទ្យាស្ថានបណ្តុះបណ្តាលពហុជំនាញបច្ចេកទេស ហើយបងប្អូនដែលមានបំណងចង់បំពេញបច្ចេកទេសជំនាញបន្ថែម សូម អញ្ជើញទៅវិទ្យាស្ថានបណ្តុះបណ្តាលពហុជំនាញបច្ចេកទេស សម្តេចតេជោ ខេត្តសៀមរាប ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងភូមិព្រៃគុយ ឃុំ អំពិល ស្រុកប្រាសាទបាគង ៕






































