ប្រតិបត្តិការក្តៅសាច់ពីរថ្ងៃជាប់គ្នា! សមត្ថកិច្ចល្បាតចម្រុះខេត្តព្រះវិហារ វាយកម្ទេចឡធ្យូងខុសច្បាប់ជិត៤០ឡ និងស្ទាក់ចាប់ក្រុមកាប់ឈើប្រណីត បញ្ជូនខ្លួនទៅតុលាការ

0

ខេត្តព្រះវិហារ៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះវិហារ បានបង្កើនកម្ដៅយ៉ាងខ្លាំងក្នុងការផ្លោះចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានបើកប្រតិបត្តិការទ្រង់ទ្រាយធំពីរថ្ងៃផ្ទួនៗគ្នា (ថ្ងៃទី០៧ និងទី០៨ ខែសីហា ឆ្នាំ២០២៦) រហូតឈានដល់ការវាយកម្ទេចទីតាំងផលិតធ្យូងខុសច្បាប់ទ្រង់ទ្រាយធំ និងឃាត់ខ្លួនជនសង្ស័យដែលលួចកាប់ដឹកជញ្ជូនឈើប្រណីត ព្រមទាំងរឹបអូសបានវត្ថុតាងជាច្រើនករណី។

អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការទី១ សមត្ថកិច្ចបានបង្ក្រាប និងវាយកម្ទេចឡធ្យូងខុសច្បាប់ ៣៦ឡ ក្នុងស្រុកជាំក្សាន្ត កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយមានការចូលរួមសហការពីកម្លាំងចម្រុះ ២២នាក់ រួមមាន៖ មន្ត្រីឧទ្យានុរក្ស, គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាំក្សាន្ត, កងរាជអាវុធហត្ថ, នគរបាលស្រុក, ផ្នែករដ្ឋបាលព្រៃឈើ និងអាជ្ញាធរឃុំរំដោះស្រែ បានចុះប្រតិបត្តិការក្តៅគគុកនៅចំណុចដីសម្បទានសង្គមកិច្ច កងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងភូមិដំណាក់កណ្តោល ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត។

លោក មាស ញឹម បានបន្តថា ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានវាយកម្ទេចឡធ្យូងខុសច្បាប់បន្ថែមចំនួន ៣៣ឡ និងដោយផ្អែកលើការបន្ថែមលើចំនួន ៣ឡ ដែលបានវាយកម្ទេចរួចកាលពីថ្ងៃទី០៥ ខែសីហា កន្លងទៅ សរុបឡធ្យូងដែលត្រូវបានបំផ្លាញចោលនៅទីតាំងនោះមានចំនួនរហូតដល់ ៣៦ឡ។

លោក មាស ញឹម បានបន្តទៀតថា ប្រតិបត្តិការទី២ កម្លាំងសមត្ថកិច្ចបានស្ទាក់ចាប់ក្រុមកាប់ឈើព្រៃ និងរឹបអូសឈើប្រណីត ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដោយមិនទុកឱ្យជនល្មើសមានឱកាសដកដង្ហើម នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំត្នោត-ភ្នំពក ០៤នាក់ សហការជាមួយកម្លាំងសហគមន៍ភ្នំត្នោត ០៦នាក់ បានចុះល្បាតយ៉ាងស្រួចស្រាវក្នុងភូមិសាស្ត្រភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន និងបានបង្ក្រាបបទល្មើសព្រៃឈើបាន ២ករណីផ្ទួនៗ៖ គឺ១- នៅវេលាម៉ោង ២:៤៤នាទីរសៀល នៅចំណុចជាំធំ (និយាមកា 453975-14983975) កម្លាំងល្បាតបានស្ទាក់ឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ខណៈបក្សពួក ០៤នាក់ទៀតបានរត់គេចខ្លួនចូលព្រៃយ៉ាងប្រញាប់ប្រញាល់។

ស្របពេលជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ គោយន្តកន្ត្រៃ ០២គ្រឿង និងឈើមូល (ប្រភេទដើមរាំង និងឥន្ទនេល) ចំនួន ២៧ដុំ (ប្រវែង ៣ម៉ែត្រ មុខកាត់ ១៥ស.ម)។ ២- នៅវេលាម៉ោង ៧:១៣នាទីយប់ នៅចំណុចជាំធំដដែល (និយាមកា 454698-1499904) កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ០១នាក់បន្ថែមទៀត (បក្សពួក ០២នាក់រត់គេចខ្លួន) ខណៈរូបគេកំពុងជួសជុលគោយន្តកន្ត្រៃដឹកឈើ។ វត្ថុតាងដកហូតរួមមាន៖ ឈើប្រណីតប្រភេទធ្នង់ និងសុក្រម សរុបចំនួន ៦,៥០០ ម៉ែត្រគូប (ឈើធ្នង់ និងសុក្រម ១៥ជុំ ប្រវែង២ម៉ែត្រ ចំនួន ១០ដុំ និង ២០ជុំ ប្រវែង១ម៉ែត្រ ចំនួន ៥ដុំ), ម៉ូតូហុងដាឌ្រីម សេរី២០១៥ (ស្លាកលេខ ភ្នំពេញ 1-FI 8424) ០១គ្រឿង, ទូរស័ព្ទដៃ OPPO ០១គ្រឿង ព្រមទាំងកាំភ្លើងកែច្នៃ (កាប៊ិន) និងម្សៅផ្សំមួយចំនួនផងដែរ។

ខណៈនេះជនសង្ស័យទាំង ២នាក់ ព្រមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅរក្សាទុកនៅស្នាក់ការថ្មគ្រោង ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។

មន្ត្រីបរិស្ថាន និងអាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះវិហារ បានព្រមានយ៉ាងម៉ឺងម៉ាត់ថា៖ «សមត្ថកិច្ចនឹងមិនយោគយល់ ឬលើកលែងឱ្យដាច់ខាត ចំពោះបុគ្គល ឬក្រុមកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វព្រៃ និងបង្កើតឡធ្យូងខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ។ រាល់សកម្មភាពល្មើសច្បាប់ទាំងនោះ គឺជាអំពើឧក្រិដ្ឋប្រឆាំងនឹងធនធានធម្មជាតិជាតិ ហើយអ្នកពាក់ព័ន្ធទាំងអស់ ទាំងអ្នកកាប់ អ្នកដឹក និងអ្នកសមគំនិតនឹងត្រូវប្រឈមមុខ ចំពោះមុខច្បាប់ជាធរមាន ដោយគ្មានការយោគយល់ ឬបន្ធូរបន្ថយទោសឡើយ»។

សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមរាយការណ៍ជាបន្ទាន់ ប្រសិនបើប្រទះឃើញសកម្មភាពល្មើសច្បាប់ ដើម្បីរួមគ្នារក្សាការពារសម្បត្តិធម្មជាតិ ទុកជូនកូនចៅជំនាន់ក្រោយ៕ដោយ៖ឡុង សំបូរ