ខេត្តស្ទឹងត្រែង៖ ពិធីក្រុងពលី បួងសួងសុំសេចក្តីសុខ និងបើកការដ្ឋានសាងសង់ផ្ទះចំនួន ១២៤ ខ្នង ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលជួបការលំបាក ខ្វះខាតដីធ្លី និងជម្រកស្នាក់នៅពិតប្រាកដ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅលើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក) ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អនុប្រធាន សមាជិក និងតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងបងប្អូនអតីតយុទ្ធជន និងនិវត្តជនជាច្រើនកុះករ។
ផ្ទះទាំង ១២៤ ខ្នង នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយដោះស្រាយបញ្ហាលំនៅឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលមានជីវភាពខ្វះខាត។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ តាមដាន និងជំរុញការងារនេះយ៉ាងសកម្ម ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន រហូតឈានដល់ការសម្រេចសាងសង់ផ្ទះចំនួន ១២៤ ខ្នងនាពេលនេះ។
លោកអភិបាលខេត្តបានបញ្ជាក់ថា សមិទ្ធផលនេះនឹងចូលរួមបំពេញតម្រូវការជម្រកស្នាក់នៅសមរម្យសម្រាប់គ្រួសារអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងជួយលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមួយចំនួន ដែលបានចូលទៅទន្ទ្រានកាន់កាប់ទីតាំងដីសម្បទានសង្គមកិច្ចរបស់សមាគម សូមមេត្តាស្ម័គ្រចិត្តប្រគល់ដីទាំងនោះជូនសមាគមវិញ ដោយស្មារតីយោគយល់ និងទទួលខុសត្រូវ។
លោកអភិបាលខេត្តបញ្ជាក់ទៀតថា ការប្រគល់ដីវិញ នឹងជួយបើកផ្លូវឱ្យក្រុមការងារបច្ចេកទេសអាចរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនុវត្តការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនដែលធ្លាប់បានលះបង់កម្លាំងកាយចិត្ត និងសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិ និងមាតុភូមិនាពេលកន្លងមក។ បន្ថែមលើនេះ គម្រោងសាងសង់ផ្ទះ និងការរៀបចំបែងចែកដីធ្លីនេះ គឺជាការអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងធានាថា អតីតយុទ្ធជន និងនិវត្តជនដែលមានជីវភាពខ្វះខាត មិនត្រូវបានទុកចោលដោយគ្មានការយកចិត្តទុកដាក់ឡើយ។
សមិទ្ធផលថ្មីនេះ មិនត្រឹមតែជាការផ្តល់ជម្រកស្នាក់នៅដល់គ្រួសារអតីតយុទ្ធជន និងនិវត្តជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ចំពោះអ្នកដែលធ្លាប់លះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិ និងមាតុភូមិ។
ក្នុងបរិយាកាសពោរពេញដោយភាពរំភើប និងក្តីសង្ឃឹម បងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលទទួលបានអំណោយ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់ការរៀបចំដីធ្លី និងលំនៅឋានជូនពួកគាត់។
អតីតយុទ្ធជន និងនិវត្តជនបានប្តេជ្ញាចិត្តចងចាំនូវគុណូបការៈ និងការយកចិត្តទុកដាក់នេះ ព្រមទាំងបន្តចូលរួមគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន និងនិវត្តជន៕ដោយ៖ឡុង សំបូរ






































