អភិរក្ស«បេតិកភណ្ឌរស់»លើដែនដីភាគឦសាន៖ ខេត្តស្ទឹងត្រែង ប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោក បង្ហាញភាពអស្ចារ្យនៃ«សួនផ្កាពហុពណ៌»កម្ពុជា

0

ខេត្តស្ទឹងត្រែង៖ ដែនដីប្រវត្តិសាស្ត្រភាគឦសាននៃប្រទេសកម្ពុជា បានក្លាយជាផ្ទាំងទស្សនីយភាពយ៉ាងរស់រវើកនៃវប្បធម៌ និងអត្តសញ្ញាណដើម ខណៈដែលក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធ «ទិវាជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា» កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រោមប្រធានបទដ៏មានអត្ថន័យខ្លឹមសារ «ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងសុខុមាលភាព»

ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅយ៉ាងមហោឡារិក ក្រោមអធិបតីភាព លោក ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី និងតំណាងបងប្អូនជនជាតិដើមភាគតិចយ៉ាងកុះករ មកពីបណ្តាខេត្តទូទាំងភូមិភាគឦសាន។

ក្នុងពិធីដ៏មានអត្ថន័យនេះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសម្តែងនូវមោទនភាពយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើសខេត្តស្ទឹងត្រែងជាម្ចាស់ផ្ទះ។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នខេត្តស្ទឹងត្រែងមានបងប្អូនជនជាតិដើមភាគតិចចំនួន ៨ ទៅ ៩ ក្រុមជនជាតិ (រួមមាន៖ ភ្នង, គួយ, ទំពួន, ចារ៉ាយ, គ្រឹង, កាវ៉ែត, លុន, កាចក់ និងព្រៅ) សរុប ៤ពាន់ ៨៣៨ គ្រួសារ (ស្មើនឹង ១៨ពាន់ ៥៦១ នាក់)។

លោកអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តតែងតែចាត់ទុកបងប្អូនជនជាតិដើមភាគតិចជាអាទិភាពចម្បង ដោយមិនត្រឹមតែលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់ខ្ពស់លើការការពារ និងរក្សាឱ្យបានគង់វង្សនូវអត្តសញ្ញាណ ទំនៀមទម្លាប់ និងភាសាដើមរបស់ពួកគាត់។

«បេតិកភណ្ឌរស់» និងសក្តានុពលសេដ្ឋកិច្ចទេសចរណ៍ចីរភាព ផ្តើមចេញពីទិដ្ឋភាពវប្បធម៌ដ៏ចម្រុះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ខេត្តស្ទឹងត្រែងមិនត្រឹមតែមានសក្តានុពលលើវិស័យធម្មជាតិ និងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែអត្តសញ្ញាណវប្បធម៌ ភាសា សិល្បៈ ទំនៀមទម្លាប់ ម្ហូបអាហារ និងរបៀបរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច គឺជា «បេតិកភណ្ឌរស់» ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងទេសចរណ៍កំពុងជំរុញការបំប្លែងសក្តានុពលវប្បធម៌ និងធម្មជាតិនេះ ឱ្យទៅជាផលិតផលទេសចរណ៍ច្នៃប្រឌិត និងអេកូទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដើម្បីបង្កើតតម្លៃបន្ថែម និងបង្កើតប្រាក់ចំណូលផ្ទាល់ជូនសហគមន៍។ គោលនយោបាយនេះអនុវត្តឡើងក្រោមស្មារតីអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន ដោយធានាថា «សហគមន៍មូលដ្ឋានគឺជាម្ចាស់ គឺជាអ្នកចូលរួម និងជាអ្នកទទួលផលប្រយោជន៍ដោយសមធម៌»។

ស្មារតី «សួនផ្កាពហុពណ៌» និងការរួមគ្នាក្នុងបុព្វហេតុជាតិ នាឱកាសនោះដែរក៏មានការអានសារលិខិតអបអរសាទររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយ លោក ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ សារលិខិតរបស់សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឆ្មបបុរាណ និងការផ្សារភ្ជាប់ចំណេះដឹងប្រពៃណីជាមួយប្រព័ន្ធសុខាភិបាលទំនើប ដើម្បីការពារសុខុមាលភាពសហគមន៍។

ជាងនេះទៅទៀត សារលិខិតបានប្រសិទ្ធនាមកម្ពុជាថាជា «សួនផ្កាពហុពណ៌» ដ៏ស្រស់ស្អាត និងរស់រវើក ដែលរំលេចឡើងដោយសារការរួមរស់ដោយសុខសន្តិភាព និងការចូលរួមយ៉ាងសកម្មពីសំណាក់បងប្អូនជនជាតិដើមភាគតិច ក្នុងការថែរក្សាមរតកវប្បធម៌ ការពារព្រៃឈើ បរិស្ថាន និងធនធានធម្មជាតិ ដែលជាសម្បត្តិមហាសាលរបស់ជាតិ ប្រកបដោយស្មារតីស្នេហាជាតិខ្ពស់៕ដោយ៖ឡុង សំបូរ