​ទឹកភ្នែកលាក់ក្រោយស្នាមញញឹម! ឪពុកលាចាកលោកស្ងាត់ៗពេលជូនកូនទៅប្រឡងបាក់ឌុប កូនប្រុសចូលបន្ទប់ប្រឡងទាំងមិនដឹងរឿង

0

ខេត្តកំពង់ធំ÷ រឿងរ៉ាវដ៏សែនក្ដុកក្ដួល និងរំជួលចិត្តយ៉ាងខ្លាំងមួយបានកើតឡើងក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយឪពុកម្នាក់បានខិតខំជូនកូនប្រុសមកប្រឡង ប៉ុន្តែជាអកុសល លោកបានទទួលអនិច្ចកម្មទាំងវ័យក្មេង ដោយសារជំងឺខ្យល់គ (គាំងបេះដូង) ពេលកំពុងអង្គុយរង់ចាំកូនប្រុសនៅខាងក្រៅមណ្ឌលប្រឡង។
​អ្វីដែលរឹតតែសោកសង្រេង និងទប់ទឹកភ្នែកមិនបាននោះ គឺកូនប្រុសមិនបានដឹងខ្លួនថា ឪពុកបង្កើតរបស់ខ្លួនបានលាចាកលោកនេះឡើយ ហើយបានឈានជើងចូលបន្ទប់ប្រឡងទាំងស្នាមញញឹម និងក្ដីសង្ឃឹម ដើម្បីប្រឡងយកជ័យលាភីជូនឪពុកម្ដាយ។
ព័ត៌មានអំពីបេក្ខជន និងគ្រួសារ៖
បេក្ខជនប្រឡង៖ ក្មួយប្រុស អ៊ាង សីហា (សិស្សមកពីវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ)
ឪពុកបង្កើត (សព)៖ លោក អុប សារ៉ែន
ម្ដាយបង្កើត៖ លោកស្រី កៀត ឈុនអ៊ី
​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ លោក អុប សារ៉ែន បានជូនកូនប្រុស អ៊ាង សីហា មកដល់មណ្ឌលប្រឡង ដោយទឹកមុខញញឹមញញែម និងពេញដោយក្ដីសង្ឃឹមចង់ឃើញកូនជោគជ័យ បន្ទាប់ពីជូនកូនចូលមណ្ឌលរួច លោកបានទៅសម្រាករង់ចាំកូននៅទីតាំងក្បែរនោះ ​លុះដល់ពេលត្រូវចូលប្រឡង កូនប្រុសបានដើរមកដាស់ឪពុក ប៉ុន្តែដោយឃើញឪពុកកំពុងសម្រាកលក់ស្ងប់ស្ងាត់ ដោយមិនមានការសង្ស័យអ្វី រូបគេក៏ប្រញាប់ប្រញាល់ដើរចូលទៅក្នុងបន្ទប់ប្រឡងវិញ។ ប៉ុន្តែជាអកុសល រឿងដែលកូនប្រុសគិតថាជា “ការដេកលក់សម្រាក” នោះ គឺជាការលាចាកលោកនេះជារៀងរហូតរបស់ឪពុក ដោយសារជំងឺខ្យល់គភ្លាមៗ។

​ដើម្បីការពារស្មារតី និងអារម្មណ៍របស់បេក្ខជន អ៊ាង សីហា កុំឱ្យមានការប៉ះពាល់ក្នុងការប្រឡងបាក់ឌុបដ៏សំខាន់មួយនេះ សាច់ញាតិ និងអាជ្ញាធរនៅទីនោះ បានសម្រេចចិត្តលាក់បាំងព័ត៌មានដ៏សោកសៅនេះជាបណ្ដោះអាសន្ន រហូតដល់រូបគេបញ្ចប់ការប្រឡងរួចរាល់ ​សាច់ញាតិម្នាក់បានពោលពាក្យយ៉ាងក្ដុកក្ដួលថា៖

​«បងប្រុស… បងល្អប្រពៃណាស់! សូមវិញ្ញាណក្ខន្ធបងទៅកាន់សុខគតិភព។ បងបានបំពេញតួនាទីជាឪពុកដ៏អស្ចារ្យម្នាក់រួចរាល់ហើយ។ សុំទោសផងក្មួយប្រុស ដែលពូត្រូវសម្រេចចិត្តលាក់បាំងរឿងនេះ… ឃើញក្មួយញញឹមដើរចូលបន្ទប់ប្រឡងទាំងមិនដឹងរឿង ពូតឹងទ្រូងណាស់។ សូមជូនពរក្មួយ សីហា ឱ្យប្រឡងជាប់ជ័យលាភី ដើម្បីតបស្នងសងគុណ និងធ្វើឱ្យឪពុកដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីក្មួយ បានញញឹមនៅឯបរលោក»។

 

​ទង្វើ និងការលះបង់ចុងក្រោយរបស់លោក អុប សារ៉ែន គឺជាគំរូនៃ “បេះដូងឪពុក” ដ៏អស្ចារ្យដែលមិនអាចកាត់ថ្លៃបាន។ មហាជន និងអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្តែងនូវការសោកស្តាយជាពន់ពេក ព្រមទាំងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងបានបួងសួងជូនពរឱ្យក្មួយប្រុស អ៊ាង សីហា ទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងនេះ ដើម្បីប៉ះប៉ូវនូវការលះបង់ដ៏ធំធេងរបស់ឪពុក៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា