សៀមរាប: នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំវិសាមញ្ញលើកទី៩ ដែលបានប្រព្រឹទ្ធទៅក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងឯកឧត្តម
ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាល ខេត្ត ដោយមានឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អស់លោក លោកស្រីជានាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធចូលរួមផងដែរ ។ កិច្ចប្រជុំវិសាមញ្ញលើកទី៩នេះ ដើមី្បធ្វើការពិនិត្យ ពិភាក្សា និង អនុម័តលើផែនការចំណូល ចំណាយ ថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលខេត្ត អនុវត្តតាមពេលវេលាកំណត់ច្បាស់លាស់ នៃការគ្រោងថវិកាប្រចាំឆ្នាំជារៀងរាល់ឆ្នាំ ។ ក្នុងគម្រោងថវិកាឆ្នាំ២០២៧ ត្រូវបានទីចាត់ការហិរញ្ញវត្ថុរបស់សាលាខេត្ត ចាប់ផ្តើមរៀបចំគ្រោង បន្ទាប់ពីមានការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអំឡុងដើមត្រីមាសទី៣ ព្រមទាំងបានដាក់ឆ្លគណៈអភិបាលខេត្តរួចផងដែរ ។ ក្នុងកិច្ចពិភាក្សានោះដែរ អង្គប្រជុំបានផ្តោតសំខាន់ទៅលើការប្រមូលពន្ធ អចលនទ្រព្យ និង បង្កើននូវចំណូលមិន មែនសារពើពន្ធ ព្រមទាំងបានលើកនូវវិធានការ ក្នុងការប្រមូលពន្ធសម្រាប់ខេត្តសៀមរាបឆ្នាំ២០២៧ទៀតផង ។
បន្ទាប់ពីលោក សេង តុងបុត្តា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លើកឡើងពីផែនការចំណូល-ចំណាយថវិកាឆ្នាំ ២០២៧របស់រដ្ឋបាលសាលាខេត្តសៀមរាបរួចមក អង្គប្រជុំបានពិនិត្យ ពិភាក្សានោះ សមាជិកកិច្ចប្រជុំបានផ្តោតទៅលើជំពូកចំណូល-ចំណាយថវិកា របស់រដ្ឋបាលខេត្តយ៉ាងល្អិតល្អន់ ក្នុងនោះផ្តោតលើពន្ធតែមប្រិ៍ ( ពន្ធលើការផ្សព្វផ្សាយ ) ដែលមានការថយចុះ និង លើការពិន័យ និង ការដាក់ទណ្ឌកម្ម ដែលមានកម្លាតឆ្ងាយពីគ្នា និង គម្រោងថវិកាសាងសង់ផ្លូវ ព្រមទាំងមានការបកស្រាយបំភ្លឺ ពីបណ្តាលប្រធានមន្ទីរ និង អង្គភាព អំពីប្រភពចំណូលរបស់ខេត្តផងដែរ ។
មានប្រសាសនោះដែរលោក ព្រឹម រដ្ឋា ក៏បានគូសបញ្ជាក់ថា រាល់ការធ្វើផែនការគម្រោងចំណូល-ចំណាយ ក៏ត្រូវបាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដាក់ជាកញ្ចប់ដល់រដ្ឋបាលខេត្ត ដើមី្បរៀបចំ ។ ពាក់ព័ន្ធថវិកា ទៅលើគម្រោងចំណូល ចំណាយប្រចាំឆ្នាំនេះ ខេត្តគឺត្រូវការថវិកាបន្ថែមទៀត ទៅលើការចំណាយទៅលើគម្រោងផ្សេងៗ ។លោកសង្ឃឹមជឿជាក់ផងដែរថា គ្រប់ស្ថាប័នពាក់ព័ន្ធ និង ខិតខំក្នុងការប្រមូលពន្ធ គ្រប់សេវាកម្ម ដើមី្បបានជាចំណូល បំពេញចំណាយរបស់ខេត្ត។
មានប្រសាសន៍បូកសរុបកិច្ចប្រជុំនោះឯកឧត្តម តោ គឹមស៊ាន ក៏បានធ្វើការវាយតម្លៃខ្ពស់ ពីការចំណូលចំណាយរបស់រដ្ឋបាលខេត្តសៀមរាប លើការទ្រទ្រង់គ្រប់វិស័យ ក្នុងការអភិវឌ្ឍន៍ខេត្ត ក្នុងពេលដែលសេដ្ឋកិច្ចពិភពលោកជួបបញ្ហា ។ ឯកឧត្តមក៏បានលើកផងដែរថា ដើម្បីធានាសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ របស់ខេត្ត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចធិបតិ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើ គណៈអភិបាលខេត្ត ក្នុងការការពារទៅលើគម្រោងផែនការថវិការបស់រដ្ឋបាលខេត្តសៀមរាប ប្រចាំឆ្នាំ២០២៧ ៕






































