ខេត្តស្ទឹងត្រែង៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានាក្នុងក្រុងស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់អាជ្ញាធរខេត្តស្ទឹងត្រែង ឱ្យបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និង «សេដ្ឋកិច្ចខ្មៅ» ព្រមទាំងបានរំលឹកដាស់តឿនស្មារតីមន្ត្រីរាជការទាំងអស់ ឱ្យលះបង់គំនិតកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួនពីមុខតំណែង។
សម្តេចធិបតី បានគូសបញ្ជាក់ថា ខេត្តស្ទឹងត្រែង ជាភូមិសាស្ត្រអាទិភាពដ៏សំខាន់លើកិច្ចការសន្តិសុខសង្គម ដោយសារខេត្តនេះជាច្រករបៀងឆ្លងកាត់ដ៏ធំ ជាប់ព្រំដែនប្រទេសឡាវ និងតភ្ជាប់ទៅកាន់ប្រទេសជិតខាងផ្សេងទៀត ដែលងាយរងការប៉ុនប៉ងប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ដូចជា៖ ការជួញដូរមនុស្ស និងការរត់ពន្ធគ្រឿងញៀនជាដើម។
សម្តេចបានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តបង្ក្រាប និងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ទាំងនេះឱ្យបានដាច់ខាត ដោយសម្តេចបានសង្កត់ធ្ងន់ថា៖ «អ្វីដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចខ្មៅ គឺកុំយកចូលក្នុងខេត្តឱ្យសោះ… ព្រោះបើសិនជាខេត្តមានឈ្មោះប្រឡាក់ប្រឡូកជាមួយបណ្តាញឧក្រិដ្ឋកម្មហើយ គឺពិបាកលាងណាស់»។
ទន្ទឹមនឹងការប៉ងពង្រឹងសន្តិសុខ និងកសាងបរិស្ថានសុវត្ថិភាពជូនប្រជាពលរដ្ឋ សម្តេចនាយករដ្ឋមន្ត្រី ក៏បានផ្ញើសារអប់រំ និងដាស់តឿនយ៉ាងជ្រាលជ្រៅទៅកាន់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេសចំពោះអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ដោយបានរំលឹកពីគោលការណ៍គ្រឹះនៃការដឹកនាំថា មន្ត្រីទទួលបានតំណែងមិនត្រូវគិតពីផលប្រយោជន៍ ឬលាភសក្ការៈផ្ទាល់ខ្លួនឡើយ។
សម្តេចធិបតី បានមានប្រសាសន៍បន្ថែមថា៖ «បើដាក់មកគ្រាន់តែបានតួនាទី ហើយគិតថា តើខ្ញុំនឹងបានអ្វីខ្លះ ផលអ្វីខ្លះចូលខ្ញុំតាមរយៈតួនាទី នោះចប់ហើយ»។ ផ្ទុយទៅវិញ សម្តេចបានជំរុញឱ្យមន្ត្រីទាំងអស់ផ្លាស់ប្តូរគំនិត មកផ្តោតលើការខិតខំបំពេញភារកិច្ច និងកសាងស្នាដៃពិតប្រាកដ ដើម្បីបន្សល់ទុកជាប្រយោជន៍ និងការចងចាំល្អៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕ដោយ៖ឡុង សំបូរ











































