ប្រជាពលរដ្ឋបង្ហាញការពេញចិត្តចំពោះការផ្ដល់សេវារបស់រដ្ឋបាលសង្កាត់សាលាកំរើក ខណៈអាជ្ញាធរបាននិងកំពុងជម្រុញការផ្ដល់សេវាឲ្យកាន់តែមានប្រសិទ្ធភាព  

0

សៀមរាប: រដ្ឋបាលសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវាសាធារណៈ ឲ្យឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដូចជាសេវាអត្រានុកូលដ្ឋាន ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការងារសង្គមកិច្ច ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការងារបរិស្ថាន និងអន្តរវិស័យជាដើម។
ជាមួយនឹងការផ្ដល់សេវាសាធារណៈបានយ៉ាងល្អប្រសើរនេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់សាលាកំរើក ក្រុងសៀមរាប កញ្ញា ចរិយា បានសម្ដែងនូវក្ដីពេញចិត្តចំពោះការផ្ដល់សេវាសាធារណៈរបស់រដ្ឋបាលសង្កាត់ ដែលនេះបានផ្ដល់នូវជំនឿទុកចិត្តកាន់តែខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ទៅលើអាជ្ញាធរមូលដ្ឋាន។ កញ្ញាក៏បានសំណូមពរដល់ រដ្ឋបាលសង្កាត់បន្ដផ្ដល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងនោះដែរលោក វណ្ណៈ ជាប្រជាពលរដ្ឋម្នាក់កំពុងមកទទួលសេវាសាធារណ ក្នុងមូលដ្ឋានសង្កាត់សាលាកំរើក បានទទួលស្គាល់ ចំពោះការផ្ដល់សេវាសាធារណរបស់រដ្ឋបាលសង្កាត់គឺល្អប្រសើរ ជាពិសេសការរួសរាយរាក់ទាក់ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយស្មើភាព និងតម្លាភាព។ លោកបន្ដថា កន្លងមកចំពោះការមកទទួលសេវារបស់លោក គឺតាមលំដាប់លំដោយ ដោយអ្នកមកមុន ទទួលបានមុន អ្នកមកក្រោយទទួលបានក្រោយ។
លោក សាម ឡន ចៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្តល់សេវារបស់រដ្ឋបាលសង្កាត់ គឺស្របតាមនីតិវិធីរដ្ឋបាល និងនីតិវិធីនៃការធានានូវផ្លូវច្បាប់ ដូចជាការធ្វើលិខិតបញ្ជាក់ភាពនៅលីវ លិខិតបញ្ជាក់ភាពមេម៉ាយ ឬពោះម៉ាយ ឬលិខិតបញ្ជាក់សំបុត្រមរណភាពជាដើម។ លោកចៅសង្កាត់បន្ដថា ដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានជាក់លាក់នៅក្នុងការមកទទួលសេវា សង្កាត់ក៏បានធ្វើការបិទផ្សាយម៉ោងពេលនៃការធ្វើការងាររបស់រដ្ឋបាលសង្កាត់ នៅក្តារខៀនព័ត៌មាន ហើយនិងបញ្ជររបស់ច្រកចេញចូលតែមួយ ឬក៏ជូនដំណឹងតាមរយៈការផ្ដល់ព័ត៌មានផ្ទាល់មាត់ ដោយអាជ្ញាធរតែបញ្ជាក់បន្ថែមនូវឯកសារពាក់ព័ន្ធ ក្នុងពេលមកទទួលសេវានៅរដ្ឋបាលសង្កាត់ផងដែរ៕