ការប្រឡងបាក់ឌុបឆ្នាំ២០២៦ នៅខេត្តព្រះវិហារ បិទបញ្ចប់ដោយជោគជ័យ ប្រកបដោយតម្លាភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ

0

ខេត្តព្រះវិហារ៖ ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅទូទាំងខេត្តព្រះវិហារ បានបិទបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយប្រព្រឹត្តទៅប្រកបដោយភាពរលូន សុវត្ថិភាព សណ្តាប់ធ្នាប់ និងតម្លាភាព ព្រមទាំងមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។

យោងតាមរបាយការណ៍បូកសរុបរបស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ បានឱ្យដឹងថា សម្រាប់សម័យប្រឡងឆ្នាំ២០២៦នេះ ខេត្តព្រះវិហារ មានបេក្ខជនដែលមានឈ្មោះក្នុងបញ្ជីសរុបចំនួន ១,៩៥២នាក់ ក្នុងនោះមានបេក្ខជនជាស្ត្រីចំនួន ១,១៥០នាក់។ ក្នុងចំណោមបេក្ខជនទាំងនោះ មានអ្នកបានចូលរួមប្រឡងជាក់ស្តែងសរុបចំនួន ១,៩៣៨នាក់ ក្នុងនោះស្ត្រី ១,១៤៦នាក់ ខណៈបេក្ខជនអវត្តមានក្នុងរយៈពេល២ថ្ងៃ មានចំនួន ១៤នាក់ ក្នុងនោះស្ត្រី ៤នាក់។

ការប្រឡងត្រូវបានរៀបចំឡើងនៅតាមមណ្ឌលប្រឡងចំនួន ៤មណ្ឌល ស្មើនឹង៧៩បន្ទប់ រួមមាន៖ មណ្ឌលសាលាគរុកោសល្យខេត្ត, មណ្ឌលវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ, មណ្ឌលអនុវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ និងមណ្ឌលបឋមសិក្សាត្បែងមានជ័យ។ ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី ក្រុមគ្រូពេទ្យ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធនានា បានចូលរួមសហការយ៉ាងសកម្មក្នុងការបំពេញភារកិច្ចរបស់ខ្លួន នៅតាមមណ្ឌលប្រឡង។

ក្រោយបញ្ចប់ការប្រឡង បេក្ខជនជាច្រើនបានបង្ហាញនូវអារម្មណ៍រីករាយ និងក្តីសង្ឃឹមចំពោះលទ្ធផលដែលនឹងទទួលបាន។ ពួកគេបានលើកឡើងពីការខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងការជួយជ្រោមជ្រែង និងលើកទឹកចិត្តពីសំណាក់អាណាព្យាបាល ដែលជាកម្លាំងចិត្តដ៏សំខាន់ សម្រាប់ការប្រឡងដ៏មានសារៈសំខាន់នេះ។

សម្រាប់បេក្ខជន ការប្រឡងបាក់ឌុបមិនមែនគ្រាន់តែជាការវាស់ស្ទង់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ការជ្រើសរើសជំនាញវិជ្ជាជីវៈ និងការកសាងអនាគតរបស់ខ្លួន។ ជោគជ័យរបស់យុវជននាពេលនេះ ក៏ជាមូលដ្ឋានសម្រាប់ការកសាងធនធានមនុស្ស ដែលមានចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍសង្គម និងប្រទេសជាតិនាពេលអនាគត។

ជារួម សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅខេត្តព្រះវិហារ បានបញ្ចប់ដោយភាពជោគជ័យ បន្ទាប់ពីគ្រប់ភាគីពាក់ព័ន្ធបានរួមគ្នាធានា ឱ្យដំណើរការប្រឡង ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងសមភាព។ ការបិទបញ្ចប់ដោយរលូននៃសម័យប្រឡងនេះ មិនត្រឹមតែបង្ហាញពីការរៀបចំ និងកិច្ចសហការរបស់ស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការយកចិត្តទុកដាក់រួមគ្នារបស់សង្គម ចំពោះការអប់រំ និងអនាគតរបស់យុវជន ដែលជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕ដោយ៖ឡុង សំបូរ