អភិបាលខេត្តកំពង់ចាម​ កាត់បើកស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ ខណៈបេក្ខជនចូលរួមប្រឡងសរុប​ជិត​ ១ម៉ឺននាក់

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម អ៊ុន​ ចាន់ដា​ បានអញ្ជើញកាត់បើកស្រោមប្រធានវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦​ នាសម័យប្រឡង ថ្ងៃទី១០​ ខែសីហា​​ ឆ្នាំ​២០២៦​ នៅវិទ្យាល័យព្រះសីហនុ (ត្បូង) ស្ថិតក្នុងក្រុងកំពង់ចាម ក្រោមវត្តមាន​ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ​ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា​ ដោយឈរលើគោលការណ៍ «អ្នកចេះគឺជាប់» ដូច្នេះ​សូមឱ្យបេក្ខជនទាំងអស់​ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព​ ពោលគឺត្រូវខិតខំប្រឹងប្រែងសរសេរ ដើម្បីសន្សំ យកនិទ្ទេសល្អ ឈានទៅដល់ការទទួលបានអាហាររូបករណ៍ ដេីម្បីបន្តទៅរៀននៅមហាវិទ្យាល័យបន្ថែមទៀត​ ។
ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បានលេីកទឹកចិត្តដល់​បេក្ខជន​ទាំងអស់​ សូមកុំឱ្យមានការភ័យខ្លាចអ្វីឡើយ ពោលគឺត្រូវតាំងអារម្មណ៍ធម្មតា​ ឱ្យដូចកំពុងសិក្សានាពេលកន្លងមក ព្រោះមានកងកម្លាំងសហការណ៍ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡង​ ទាំង ១៦មណ្ឌល​ ក្នុងខេត្តកំពង់ចាម​ ចំពោះការទទួលផ្ញើទោចក្រយានយន្ត កង់-ម៉ូតូ ជូនដល់បេក្ខជន និងសិស្ស​ គឺមិនតម្រូវឱ្យបង់ប្រាក់ឡើយ។
គួរបញ្ជាក់ថា​ ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥-២០២៦នេះ សម្រាប់ខេត្តកំពង់ចាម មានបេក្ខជន សរុប ចំនួន ៩,៧៣៦នាក់ ដែលត្រូវបែងចែកមណ្ឌលប្រឡងចំនួន ១៦មណ្ឌល ស្មើនឹង ៣៩៥បន្ទប់។​ ក្នុងនោះផ្នែកវិទ្យាសាស្ត្រមាន​ ៥មណ្ឌល​ ស្មេីនឹង​ ១១០បន្ទប់​ មានបេក្ខជនសរុប​ ២,៦៧៧នាក់​ និងថ្នាក់វិទ្យាសាស្ត្រសង្គម​មាន​ ១១មណ្ឌល​ ស្មេីនឹង​ ២៨៥បន្ទប់​ មានបេក្ខជនសរុប​ ៧,០៥៩នាក់​ ដោយនៅក្រុងកំពង់ចាម មានចំនួន ៩មណ្ឌល នៅស្រុកកំពង់សៀមមាន ២មណ្ឌល​ នៅស្រុកជើងព្រៃមាន ៣មណ្ឌល​ និងបន្ថែមមណ្ឌលថ្មីចំនួន​ ២នៅស្រុកកងមាស​ផងដែរ​ ៕