​ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ចូលរួមរំលែកទុក្ខ និងនាំយកអំណោយសម្តេចធិបតី ជូនគ្រួសារសពលោកវរសេនីយ៍ទោ អ៊ុក ផាវ

0

កំពង់ធំ៖ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ (តំណាងឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគម) អមដំណើរដោយលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត និងជាអនុប្រធានគណៈកម្មាធិការសមាគម បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាបេឡាមរណសង្គ្រោះ ព្រមទាំងអំណោយមនុស្សធម៌ ទៅប្រគល់ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ទោ អ៊ុក ផាវ អាយុ ៦៣ឆ្នាំ ដែលបានទទួលមរណភាពដោយរោគាពាធនាពេលថ្មីៗនេះ។

​ លោកអនុសេនីយ៍ទោ នួន ស៊ីថាល់ តំណាងក្រុមលេខាធិការដ្ឋានសមាគម បានឡើងអានសារលិខិតចូលរួមរំលែកទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាមួយគ្នានេះ លោកបានរំលឹកពីជីវប្រវត្តិ និងគុណបំណាច់របស់លោកវរសេនីយ៍ទោ អ៊ុក ផាវ ដែលបានចូលបម្រើការងារក្នុងជួរនគរបាលជាតិ ចាប់តាំងពីឆ្នាំ១៩៨៥ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយមានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ហើយត្រូវបានក្រសួងមហាផ្ទៃដាក់ឱ្យចូលសោធននិវត្តន៍នៅឆ្នាំ២០១៩។ លោកមានភរិយាឈ្មោះ ឈន វួចណា អាយុ ៥៧ឆ្នាំ និងមានកូននៅក្នុងបន្ទុកចំនួន ៤នាក់ រស់នៅភូមិទី៧ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

​ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសម្តែងនូវការសោកស្ដាយ និងអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកវរសេនីយ៍ទោ អ៊ុក ផាវ ដែលជាអតីតយុទ្ធជនធ្លាប់មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ និងមាតុភូមិ ព្រមទាំងជាស្វាមី និងជាឪពុកដ៏ល្អក្នុងគ្រួសារ។ លោកឧត្តមសេនីយ៍ទោ ក៏បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់សព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ​គូសបញ្ជាក់ផងដែរថា នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ,០០០,០០០ រៀល របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ប្រគល់ជូនដល់គ្រួសារសពដើម្បីសម្រាលទុក្ខលំបាកផងដែរ។ ដោយ ប​៊ុន រដ្ឋា