​ប្រជាពលរដ្ឋ ៣២០នាក់ នៅស្រុកសណ្ដាន់ ថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការឧបត្ថម្ភការព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ

0

កំពង់ធំ៖ ប្រជាពលរដ្ឋដែលមានបញ្ហាជំងឺភ្នែកចំនួន ៣២០នាក់ រស់នៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានសម្ដែងនូវកតញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោកជំទាវបណ្ឌិត ជា សេរី និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខមាលភាពប្រជាពលរដ្ឋ។

​នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦ នេះ សាលាស្រុកសណ្ដាន់បានរៀបចំពិធីជួបជុំសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋវគ្គទី១ ចំនួន ១០៩នាក់ ដើម្បីចេញដំណើរទៅពិនិត្យ និងព្យាបាលជំងឺភ្នែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នារាជធានីភ្នំពេញ ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់។
​លោកស្រី ឡាក់ សៅចាន់ អភិបាលរងស្រុកសណ្ដាន់ និងជាអ្នកដឹកនាំប្រជាពលរដ្ឋបានឲ្្យដឹងថា ការបញ្ជូនប្រជាពលរដ្ឋ និងលោកយាយលោកតាសរុប ៣២០នាក់ ទៅទទួលសេវាព្យាបាលភ្នែកនៅរាជធានីភ្នំពេញ ត្រូវបែងចែកជា ៣វគ្គ រួមមាន៖
វគ្គទី១៖ ចេញដំណើរនៅព្រឹកថ្ងៃទី ១៣ ខែសីហា មានចំនួន ១០៩នាក់ (ប្រើប្រាស់រថយន្តក្រុង ៨គ្រឿង)
វគ្គទី២៖ ចេញដំណើរនៅថ្ងៃទី ១៤ ខែសីហា មានចំនួន ១១០នាក់ (ប្រើប្រាស់រថយន្តក្រុង ៨គ្រឿង)
វគ្គទី៣៖ ចេញដំណើរនៅថ្ងៃទី ១៥ ខែសីហា មានចំនួន ១០១នាក់ (ប្រើប្រាស់រថយន្តក្រុង ៨គ្រឿង)

​ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវបណ្ឌិត ជា សេរី ដែលបានសម្របសម្រួលជាមួយក្រុមគ្រូពេទ្យឯកទេស ព្រមទាំងឧបត្ថម្ភការហូបចុក និងការស្នាក់នៅ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ ដែលបានឧបត្ថម្ភប្រេងឥន្ធនៈ និងមធ្យោបាយដឹកជញ្ជូនរថយន្តក្រុងទាំងអស់។
​ជំនួសមុខឲ្យប្រជាពលរដ្ឋទាំងអស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងអាជ្ញាធរដែនដី បានបួងសួងជូនពរសព្ទសាធុការជូនចំពោះ សម្ដេចធិបតី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ និងបានជូនពរដល់លោកយាយលោកតាទាំងអស់ឲ្យទទួលបានជោគជ័យក្នុងការព្យាបាល និងធ្វើដំណើរតាមផ្លូវប្រកបដោយសុវត្ថិភាពទាំងពេលទៅ និងពេលត្រឡប់មកវិញ៕
អត្ថបទដោយ៖ ប៊ុន រដ្ឋា