កម្ពុជាបំពាក់គ្រឿងឥស្សរិយយសជូនមេបញ្ជាការយោធាទីក្រុងដុងណាយ ឆ្លើយតបនឹងគុណបំណាច់រុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម

0

ខេត្តកំពង់ធំ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) បានរៀបចំពិធីបំពាក់គ្រឿងឥស្សរិយយស «សហមេត្រី ថ្នាក់ធិបឌិន្ទ» ជូនលោកវរសេនីយ៍ឯក វ៉ក ថាញ់ហ្សាញ់ មេបញ្ជាការយោធាទីក្រុងដុងណាយ (យោធភូមិភាគទី៧) នៃកងទ័ពប្រជាជនវៀតណាម ដើម្បីទទួលស្គាល់ស្នាដៃដ៏ឆ្នើម ក្នុងការសហការស្រាវជ្រាវ រុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅលើទឹកដីខេត្តកំពង់ធំ។

​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរង យោធភូមិភាគទី៤ តំណាង ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងមានការអញ្ជើញចូលរួមពី នាយរងការិយាល័យទី១ កងទ័ពជើងគោក និងនាយទាហាន នាយទាហានរងយ៉ាងច្រើនកុះករ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការជីករុករក កអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ខេត្តកំពង់ធំ បានរាយការណ៍ថា ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក (២០០៣-២០២៦) កងកម្លាំងពាក់ព័ន្ធរុករកឃើញអដ្ឋិធាតុសរុបចំនួន ១.១៩៧ ហើយបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកំណើតវិញដោយជោគជ័យ។ ជាមួយគ្នានេះ គណៈបញ្ជាការយោធាទីក្រុងដុងណាយ ក៏បានជួយឧបត្ថម្ភដល់តំបន់ប្រតិបត្តិការសឹករងកំពង់ធំនូវសមិទ្ធផលជាច្រើន ដូចជា អគារធ្វើការ អគារគិលានដ្ឋាន ផ្លូវបេតុង សម្ភារបរិក្ខារពេទ្យទប់ស្កាត់ជំងឺកូវីដ-១៩ ព្រមទាំងបានចាត់តាំងក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងអតីតយុទ្ធជននាពេលកន្លងមក។

​ ឧត្តមសេនីយ៍ត្រី ហេង សុខា នាយរងការិយាល័យទី១ កងទ័ពជើងគោក បានអានអនុក្រឹត្យលេខ ៣៥៧ អនក្រ.តត របស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមក ឧត្តមសេនីយ៍ទោ លៀង ឡេង បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស «សហមេត្រី ថ្នាក់ធិបឌិន្ទ» ជូនលោកវរសេនីយ៍ឯក វ៉ក ថាញ់ហ្សាញ់ ជាផ្លូវការ។ លោកឧត្តមសេនីយ៍ទោ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងបានជំរុញឱ្យបន្តពង្រឹងសកម្មភាពមនុស្សធម៌នេះឱ្យទទួលបានជោគជ័យបន្ថែមទៀត។

​ លោកវរសេនីយ៍ឯក វ៉ក ថាញ់ហ្សាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត, ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ, កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋខេត្តកំពង់ធំ ដែលបានសម្របសម្រួល និងគាំទ្រដល់ក្រុមបច្ចេកទេស K72 ទីក្រុងដុងណាយ ក្នុងការបំពេញភារកិច្ចរុករកអដ្ឋិធាតុ។ លោកក៏បានជូនពរឱ្យចំណងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ស្ថិតស្ថេរចីរកាលតទៅ៕

ដោយ ប៊ុន រដ្ឋា