ឈើប្រណីតជាច្រើនម៉ែត្រគូបត្រូវបានបង្ក្រាប និងរឹបអូសនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ មន្ត្រីឧទ្យានុរក្សដឹកនាំដោយ លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកត្បែងមានជ័យ និងមន្ត្រីមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធី អនុវត្តដីកាឆែកឆេរពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបើប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបការសន្និធិ(ស្តុកទុក)ឈើខុសច្បាប់ នៅក្នុងដីឡូតិ៍មួយកន្លែង នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មាស ញឹម បានប្រាប់ឲ្យដឹងនៅថ្ងៃ១៥សីហានេះថា នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានរកឃើញ និងដកហូតឈើខុសច្បាប់ជាច្រើនប្រភេទនៅ ២ទីតាំងផ្សេងគ្នា គឺ ១-សមត្ថកិច្ចបានធ្វើការដកហូតឈើប្រភេទធ្នង់ (កូនក្រឡឹង)  ២៣០ដុំ ស្មើនឹង ៤.២៦៦ម៉ែត្រគូប និងឈើសុក្រំមូលប្រវែង ២ម៉ែត្រ មុខកាត់ ២០សង់ទីម៉ែត្រ ១៣ដុំ ស្មើនឹង ១.០៤០ម៉ែត្រគូប។ ២-ក្រុមការងារបានបន្តរកឃើញកន្លែងសន្និធិឈើមួយកន្លែងទៀត ដែលមានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីទីតាំងទី១ ដោយបានដកហូតឈើប្រភេទឈើច្រម៉ាសមូលប្រវែង ២ម៉ែត្រ ចំនួន ៦០ដុំ ស្មើនឹង ១.៦០២ម៉ែត្រគូប។

លោក មាស ញឹម បានបញ្ជាក់ថា ក្រោយការបង្ក្រាប និងរឹបអូសបានវត្ថុតាងទាំងអស់ត្រូវបានដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការអូរកក់ សកម្មភាពទាំងនេះ មន្ត្រីពងង្រឹងការអនុវត្តច្បាប់ នៅតែបន្តរុករកកន្លែងសន្និធិឈើដោយខុសច្បាប់ នៅជុំវិញតំបន់នោះជាបន្តទៀតដើម្បីឈានដល់ការវែកមុខជនប្រព្រឹត្តបទល្មើស កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕ដោយ៖ឡុង សំបូរ