កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ខេត្តកំពង់ចាមជាខេត្តមួយដែលមានភូមិសាស្ត្រ និងសណ្ឋានដីអំណោយផលខ្លាំងលើវិស័យកសិកម្ម ជាពិសេស ដំណាំកសិ-ឧស្សាហកម្ម និងដំណាំរួមផ្សំ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ខេត្តមានប្រជាពលរដ្ឋ ប្រកប
មុខរបរ ក្នុងវិស័យកសិកម្មជាចម្បងប្រមាណ ៦២,១% ហើយវិស័យកសិកម្ម មានចំណែក ប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត ៣,០៧៦ លានដុល្លារ។ ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៦ សីហា ២០២៦ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ៗ បានកើនដល់ចំនួន ២,៨៣២ ដុល្លារ។ ខេត្តកំពង់ចាម មានផ្ទៃដីបង្កបង្កើនផលស្រូវប្រាំង ចំនួន ៤២.៧៣០ហិចតា ស្រូវវស្សា ១០៥.៨០០ហិចតា ផ្ទៃដីដំណាំរួមផ្សំ និងកសិ-ឧស្សាហកម្ម រដូវប្រាំង ១០.១៦៨ហិចតា រដូវវស្សា ៤៩.៧០០ហិចតា ផ្ទៃដីដំណាំអចិន្ត្រៃយ៍(ឈើហូបផ្លែ) ៩១.១៤៧ហិចតា និងដំណាំកៅស៊ូ ចំនួន ២៩.៥៦៤ហិចតា។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងមួយក្នុងការជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ពង្រាយមន្ត្រី កសិកម្ម នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស សម្រាប់ខេត្តកំពង់ចាម ទទួលបាមន្ត្រីកសិកម្មឃុំ- សង្កាត់ ចំនួន ១០៤នាក់/លេី១០៩ឃុំ-សង្កាត់។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នេីឱ្យមន្ត្រីកសិកម្មឃុំខិតខំក្នុងការអនុវត្តតួនាទី និងភារកិច្ចឱ្យបានល្អប្រសេីរជួយដល់ប្រជាកសិករ និងណែនាំអំពីយុទ្ធសាស្ត្រ និងសិល្ប:នៃការដោះស្រាយបញ្ហាប្រឈមរបស់កសិករ ផ្តល់ជាជំនួយបច្ចេកទេស គណនាថ្លៃដេីមផលិត លេីកទឹកចិត្តឱ្យកសិករធ្វេីពិពិធកម្មមុខដំណាំ និងការចូលរួមក្នុងសហគមន៍កសិកម្មទំនេីប សំដៅផ្តល់ផលចំណេញជូនកសិករ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ ៕





































