(ខេត្តកំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រមទាំងលោកឧកញ៉ា គុយ លាងគី និងក្រុមការងារ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នារៀបចំពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ បូជាចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងវត្តចំនួន ៥ នៃក្រុងស្ទឹងសែន។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តទេពនិម្មិត (វត្តធម្មយុត្ត) ស្ថិតក្នុងភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។
វត្តអារាមទាំង ៥ ដែលទទួលបានទានព្រះវស្សានិងទេយ្យទាននាឱកាសនោះ រួមមាន៖
វត្តឥន្ទ្រីយ៍សំវរៈ (វត្តកំពង់ធំ)
វត្តទេពនិម្មិត (វត្តធម្មយុត្ត)
វត្តសែនសិរី (វត្តក្តីសែន)
វត្តសីតធម្មោពោធិមង្គល (វត្តពោធិបាក់ក)
វត្តរលួស
មានប្រសាសន៍នាឱកាសនោះ លោកស្រី ឃួន ឃុនឌី បានគូសបញ្ជាក់ថា សកម្មភាពនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់រវាងពុទ្ធបរិស័ទ និងក្រុមការងារ ក្នុងការទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពរីកចម្រើន និងចម្រើនរុងរឿង ព្រមទាំងបង្ហាញពីសប្បុរសធម៌ និងគុណតម្លៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានឡើយ។
ជាមួយគ្នានេះ លោកស្រីក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាការពារក្រុមការងារ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការ។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីបុណ្យដ៏ថ្លៃថ្លានេះ លោកស្រី ឃួន ឃុនឌី ក៏បានចែកជូននូវអំណោយដល់លោកតា លោកយាយដែលបានចូលរួម ដោយក្នុងម្នាក់ៗទទួលបានសារុង ១ និងថវិកាចំនួន ១០,០០០ រៀល ផងដែរ។
អត្ថបទដោយ៖ ប៊ុន រដ្ឋា





































