ខេត្តសៀមរាម នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នារសៀលថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦ ក្រោមកិច្ចដឹកនាំប្រជុំ
របស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីលោកមេបញ្ជាការរង និងជានាយសេនាធិការ អស់លោក លោកស្រី ជានាយសេនាធិការរង , ប្រធានមន្ទីរ ,អង្គភាព នាយការិយាល័យដែលមានការពាក់ព័ន្ធ មេបញ្ជាការ កងអនុសេនាធំចល័ត មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូប ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជខេត្តទាំងអស់ ដែលបានចូលរួមបំពេញបេសកកម្ម ក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនគណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ ក្នុងកិច្ចប្រជុំថ្នាក់តំបន់អាស៊ាន និង ពិធីបុណ្យជាតិផ្សេងៗ សំខាន់ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការចុះជួយអន្តរាគមន៍បានទាន់ពេលវេលា ជូនប្រជាពលរដ្ឋ ។ លោកបានបន្តទៀតថា រាល់ការចុះបំពេញបេសកម្មរបស់កងរាជ អាវុធហត្ថយើង គឺប្រកបដោយវិន័យសណ្តាប់ធ្នាប់ ស្វាហាប់ ការទទួលខុសត្រូវ ការលះបង់ និង មនោសញ្ចេតនាស្និទ្ធស្នាលទន់ភ្លន់ រយៈពេលកន្លងមក បានយ៉ាងល្អប្រសើរ ដោយមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលចូលមក ទស្សនាកម្សាន្តនៅខេត្តសៀមរាប ។ លោកមេបញ្ជាការ បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ ក្រុង ស្រុក និង ប្រធានអង្គភាពចំណុះអាវុធហត្ថខេត្តសៀមរាបទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងប្រតិបត្តិការ បង្ក្រាបនិងបោសសម្អាតកុំឲ្យកើតមាននៅកម្ពុជា នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ដើមី្បកុំឲ្យកើតមានក្នុងភូមិសាស្ត្រខេត្តសៀមរាប និង បោសសម្អាតការជួញដូរគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង់ និង ត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ (ជំនន់ទឹកភ្លៀង) នារដូវវស្សា និង ហេតុការណ៍ផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្ត្រសៀមរាប ។ ម៉្យាងទៀតក៏ត្រូវត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីចូលរួមបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ បង្កលក្ខណៈងាយស្រួលជូនដល់ថ្នាក់ដឹកនាំ និង ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលចូលមកកាន់ខេត្តសៀមរាបផងដែរ ៕








































