(ឧត្តរមានជ័យ)៖ ការថែរក្សា សណ្តាប់ធ្នាប់ សោភ័ណភាព និងការការពារដីចំណីផ្លូវសាធារណៈ ជាកាតព្វកិច្ច និងជាការចូលរួមដ៏សំខាន់របស់ប្រជាពលរដ្ឋគ្រប់រូប ដើមី្បធានាឱ្យសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលបានស្ថាបនារួច រក្សាបាននូវភាពស្អាត រឹងមាំ និងប្រើប្រាស់បានយូរអង្វែង នាចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវ
នឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ ក្រុមការងាររដ្ឋបាលក្រុងសំរោង បានចុះពិនិត្យ និងសូមធ្វើការអំពាវនាវ និងក្រើនរំលឹកយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅអមសងខាងផ្លូវក្នុងភូមិសាស្ត្រក្រុងសំរោង ជាពិសេសផ្លូវភ្លោះបេតុងថ្មី សូមចូលរួមអនុវត្តនូវចំណុចសំខាន់ៗដូចខាងក្រោម៖
១. រួមគ្នាថែរក្សាផ្លូវស្អាត បន្ទាប់ពីអាជ្ញាធរ និងរាជរដ្ឋាភិបាលបានខិតខំកសាង និងស្ថាបនាផ្លូវបានយ៉ាងស្អាតរៀបរយ សូមបងប្អូនចូលរួមថែរក្សា អនាម័យ និងបរិស្ថានជុំវិញផ្លូវឱ្យបានល្អប្រសើរ។
២. បញ្ឈប់ការសាងសង់រំលោភចំណីផ្លូវ ហាមឃាត់ដាច់ខាតនូវរាល់សកម្មភាពសាងសង់សំណង់ តូបលក់ដូរ ឬការតសំយាបថ្មីៗបន្ថែមទៀត ដែលបន្តរំលោភចូលមកលើដីចំណីផ្លូវសាធារណៈ។
៣. ការកំណត់កម្មសិទ្ធិឯកជន ក្រុមការងារ បានចុះបាញ់ថ្នាំកំណត់រួចរាល់អស់ហើយ រវាងកម្មសិទ្ធិឯកជន និងដីចំណីផ្លូវសាធារណៈ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋកុំបន្តសាងសង់លើសការកំណត់ និងហាមយកដីចំណីផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិឯកជនជាដាច់ខាត។
រដ្ឋបាលក្រុងសំរោង សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការជាមួយអាជ្ញាធរដែនដីដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើមី្បរួមគ្នារក្សាសណ្តាប់ធ្នាប់ ភាពស្អាតស្អំ និងសោភ័ណភាពក្រុងសំរោងឱ្យកាន់តែមានរបៀបរៀបរយជាប្រចាំ៕ដោយ៖ចាន់ ធី






































