ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកព្រែកតាយី ជាចំណងដៃថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្រុកស្ទឹងត្រង់

0

កំពង់ចាម:​ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ទីរជំនាញ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បាន​អញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាអំណោយ និងជាចំណងដៃដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនារួចរាល់កាលពីឆ្នាំ២០២៥ ប្រគល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការចុះពិនិត្យនាពេលនេះ ចំពេលដែល ទឹកទន្លេកំពុងហក់ឡើង និងហូរចូល តាមប្រព័ន្ធស្ទាក់ទឹកយ៉ាងល្អប្រសើរ ដែលនេះជាឱកាសដ៏ល្អក្នុងការស្តុកទឹកទុកឱ្យបានអតិបរមា សម្រាប់ប្រើប្រាស់ទៅមុខ។ ថ្នាក់ដឹកនាំខេត្ត ក៏បានសង្កេតលើរចនាសម្ព័ន្ធសំណង់ និងចរន្តទឹកហូរ ដើម្បីធានាថាសំណង់ដំណើរការទៅតាមបទដ្ឋានបច្ចេកទេស ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ថ្នាក់ដឹកនាំខេត្តក៏បានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ឱ្យរួមគ្នាថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះ ព្រមទាំងគ្រប់គ្រងការបើក-បិទទឹកឱ្យបានត្រឹមត្រូវ ដើម្បីទាញយកផលប្រយោជន៍ឱ្យបានយូរអង្វែង។

បន្ទាប់មកនៅថ្ងៃដដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ស្ថិតក្នុងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីវាយតម្លៃផលប៉ះពាល់ និងដាក់ចេញវិធានការអន្តរាគមន៍ជាបន្ទាន់​ផងដែរ​ ៕