ខេត្តក្រចេះ៖ អភិបាលរងខេត្ត និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ លោក ម៉ែន វណ្ណា បានដឹកនាំក្រុមការងារជំនាញ រួមមានមន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ និងវាយតម្លៃ ផលប៉ះពាល់ផ្ទាល់ដី ដោយសារជំនន់ទឹកទន្លេមេគង្គ និងទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងក្រចេះ និងស្រុកចិត្របុរី។
បេសកកម្មចុះពិនិត្យផ្ទាល់នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ បានធ្វើឡើងនៅចំណុចសង្កាត់អូរឫស្សី (ក្រុងក្រចេះ) ព្រមទាំងឃុំថ្មគ្រែ និងឃុំដារ (ស្រុកចិត្របុរី) ដើម្បីវាយតម្លៃលើកម្រិតផលប៉ះពាល់លើដំណាំស្រូវ លំនៅដ្ឋានប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ព្រមទាំងតាមដានតំបន់ប្រឈមលិចលង់ខ្លាំង ដើម្បីរៀបចំផែនការអន្តរាគមន៍ និងសង្គ្រោះបានទាន់ពេលវេលា។
យោងតាមទិន្នន័យពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នេះ កម្ពស់ទឹកនៅស្ថានីយជលសាស្ត្រមេគង្គក្រចេះ បានបន្តកើនឡើងរហូតដល់ ២០,៩៥ ម៉ែត្រ ខណៈដែលកម្រិតកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ឬប្រុងប្រយ័ត្នគឺ ២២,០០ ម៉ែត្រ។
នៅក្នុងឱកាសនោះ លោក ម៉ែន វណ្ណា បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវតាមដានព័ត៌មានវិវត្តនៃជំនន់ទឹកភ្លៀង និងទឹកទន្លេជាប្រចាំ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺដង្កាត់ផ្សេងៗដែលកើតចេញពីទឹក និងការខ្វះអនាម័យ ត្រូវយកចិត្តទុកដាក់មើលថែក្មេងតូចៗ និងមនុស្សចាស់ជរា ដើម្បីចៀសវាងគ្រោះថ្នាក់លង់ទឹកដែលស្មានមិនដល់ និងបង្កើនការប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស ឬសត្វសាហាវផ្សេងៗដែលរត់គេចពីទឹកលិចចូលផ្ទះសម្បែង៕ដោយ៖ឡុង សំបូរ






































