ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំពិធីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ព្រមទាំងបានឈានទៅដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនសរុបជាង ១,៣០៥គីឡូក្រាម ដែលសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក។
ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឡេង ប៊ុនណា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត។
ក្នុងឱកាសនោះ លោក ឡេង ប៊ុនណា បានអានសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ថា ទោះបីជាកម្ពុជាត្រូវប្រឈមមុខនឹងការឈ្លានពានបូរណភាពទឹកដី និងការរំលោភអធិបតេយ្យជាតិពីប្រទេសជិតខាងយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែចាត់ទុកសន្តិសុខ និងសុវត្ថិភាពសង្គមជាកត្តាស្នូល។
សារលិខិតរបស់សម្តេចធិបតី បានគូសរំលេចបន្ថែមពីយុទ្ធសាស្ត្រនវានុវត្តន៍ និងវិធានការម៉ឺងម៉ាត់ជាច្រើន ក្នុងការបំពាក់បច្ចេកវិទ្យាឌីជីថល តាមរយៈការប្រកាសប្រើប្រាស់កម្មវិធីទូរស័ព្ទ App “NoDrug” ,ការអនុវត្តបទបញ្ជាលេខ ០១ បប ស្តីពីការ «សម្អាតផ្ទះយើង» ដើម្បីរក្សាភាពស្អាតស្អំជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងការអនុវត្តបទបញ្ជាលេខ ០២ បប ស្តីពីការហាមឃាត់បារីអេឡិចត្រូនិក និងស៊ីស្សា ដើម្បី «សម្អាតចកចេញពីបឹង»។
ជាមួយគ្នានេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនយ៉ាងសកម្មនាពេលកន្លងមក។ ជាក់ស្ដែង សារធាតុញៀនសរុបប្រមាណជាង ១,៣០៥គីឡូក្រាម ដែលជាវត្ថុតាងចាប់យកបានក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ត្រូវបាននាំយកទៅដុតបំផ្លាញចោលភ្លាមៗ នៅក្នុងបរិវេណស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ។
លោកអភិបាលខេត្ត បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងបន្តជំរុញការងារបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព ស្របតាមទិសស្លោករបស់រាជរដ្ឋាភិបាល «សម្អាតចកចេញពីផ្ទៃបឹង, ហ៊ុព័ទ្ធបឹងដែលស្អាតមិនឱ្យចកវិលចូលវិញ, និងពង្រីកផ្ទៃបឹងគ្មានចក រហូតផ្ទៃបឹងទាំងមូលថ្លាស្អាត» ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ៕ដោយ៖ឡុង សំបូរ







































